អបអរសាទរ! សិល្បការិនី ចន ច័ន្ទលក្ខិណា ជាប់ឆ្នោតជា «ប្រធានសមាគមសិល្បករខ្មែរ» អាណត្តិទី៥
07-07-2017 11:35
(ភ្នំពេញ)៖ សិល្បការិនីជើងចាស់ ចន ច័ន្ទលក្ខិណា ត្រូវបានបោះឆ្នោតជាប់ជា «ប្រធានសមាគមសិល្បករខ្មែរ» ក្នុងអាណត្តិទី៥ នៃការបោះឆ្នោតដែលត្រូវបានធ្វើឡើងនាព្រឹកថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០១៧ នៅភោជនីយ៍ដ្ឋានស្ទឹងមាស ស្ថិតក្នុងរាជធានីភ្នំពេញ ដែលមានការអញ្ជើញចូលរួមពីរដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ ជាគណៈអធិបតី។
សិល្បការិនីកូនមួយ អ្នកនាង ចន ច័ន្ទលក្ខិណា ត្រូវបានមិត្តរួមអាជីពបោះឆ្នោតគាំទ្រ២៥៤សំឡេង ក្នុងចំណោមបេក្ខជនឈរឈ្មោះចំនួន៣រូប រួមមាន អ្នកនាង ចន ច័ន្ទលក្ខិណា លោក អៀង ស៊ីធុល ទទួលបាន ២៦សំឡេង និងលោក កុយ ស៊ីឌឿន ទទួលបាន ១៨សំឡេង ក្នុងការជ្រើសរើសប្រធានថ្មី ដើម្បីបន្តដឹកនាំសមាគមសិល្បករខ្មែរ ក្នុងអាណត្តិទី៥ ឆ្នាំ២០១៧ ជាបន្តទៀត ក្រោយពេលប្រធានចាស់លោក សុះ ម៉ាច ផុតអាណត្តិ៕