Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក នី ចរិយា ចូលធ្វើការវិញហើយ ក្រោយតុលាការអនុញ្ញាតឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន (Video inside)

04-07-2017 11:45

(ភ្នំពេញ)៖ លោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចូលបំពេញការងារក្នុងតំណែងរបស់ខ្លួនជាធម្មតាវិញហើយ បន្ទាប់ពីត្រូវបានតុលាការចេញសេចក្ដីសម្រេចឲ្យក្រៅឃុំបណ្ដោះអាសន្ន កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧។ នេះបើតាមលោក ខន កែវមនោ ប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ ថ្លែងប្រាប់អង្គភាព Fresh News នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧នេះ។

កន្លងមក លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា ចំពោះការអនុញ្ញាតឲ្យលោក នី ចរិយា ចូលធ្វើការបានវិញ ឬអត់ ត្រូវរងចាំការបញ្ជាក់ពីតុលាការឲ្យច្បាស់លាស់សិន ព្រោះការដែលតុលាការដោះលែងឲ្យលោក នី ចរិយា នៅក្រៅឃុំបណ្ដោះអាសន្ន កាលពីពេលកន្លងទៅនោះ ដូចជាមិនមានភាពច្បាស់លាស់ ចំពោះរឿងចូលធ្វើការវិញនេះឡើយ។

ជុំវិញការចូលបំពេញការងារសារជាថ្មីនេះ លោក ខន កែវមនោ បានថ្លែងយ៉ាងដូច្នេះថា «គ.ជ.ប អត់បានលុបឈ្មោះគាត់ (លោក នី ចរិយា) ចេញពីមន្រ្តីបោះឆ្នោតទេ ដូច្នេះគាត់នៅតែមន្រ្តីបោះឆ្នោតដដែល ហើយខ្ញុំមិនបានតាមដានគាត់ចូលធ្វើការពីថ្ងៃណាទេ តែឃើញគាត់មកធ្វើការហើយ ក្នុងបន្ទប់ធ្វើការរបស់គាត់»

លោក កែវមនោ បានបន្តថា ចំពោះការកោះហៅលោក នី ចរិយា ឲ្យចូលខ្លួនដោះស្រាយរឿងក្ដីបន្តទៀតយ៉ាងណានោះ គ.ជ.ប គ្មានសិទ្ធិអំណាចលូកដៃជាមួយស្ថាប័នមួយនេះនោះឡើយ ពោលគឺជាបញ្ហារបស់សាម៉ីខ្លួនរបស់លោក នី ចរិយា ផ្ទាល់។

សូមបញ្ជាក់ថា លោក​ នី​ ចរិយា​ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​ តាម​មាត្រា​២៩​ និងមាត្រា​៥៤៨​ នៃ​ក្រម​ព្រហ្មទណ្ឌ​។ ដោយ​ឡែក​លោក​ នី​ សុខា​ ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​សមាគម​អាដហុក​ លោក​ យី​ សុខសាន្ត​ អនុ​ប្រធាន​សមាគម​អាដហុក​ លោក​ ណៃ​ រ៉ង់ដា​ អនុ​ប្រធាន​សមាគម​អាដហុក​ និង​លោក​ស្រី​ លឹម​ មុន្នី​ មន្ត្រី​ជាន់​ខ្ពស់​សមាគម​អាដហុក​ ត្រូវ​បាន​​ព្រះ​រាជ​អាជ្ញា​រងអមសាលាដំបូងរាជធានីភ្នំពេញ លោក គុជ​ គឹម​ឡុង​ ចោទ​ពី​បទ​សូកប៉ាន់​សាក្សី​ តាម​មាត្រា​៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ​។

ជនត្រូវចោទទាំង៥រូបនេះ ត្រូវ​បាន​តុលាការ​រាជធានីភ្នំពេញ រកឃើញថា​ បាន​បញ្ចុះបញ្ចូល​​លួងលោម​ កញ្ញា​ ខុម​ ចាន់​តារាទី​ ហៅ​ស្រី​មុំ​ មិន​ឲ្យ​និយាយ​ការ​ពិត​ប្រាប់​សមត្ថកិច្ច​ ចំពោះ​រឿង​អាស្រូវ​ផ្លូវ​ភេទ​របស់​លោក​ កឹម​ សុខា​ ដែលបច្ចុប្បន្នជាប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​៕