Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ស្នើឲ្យលើអភិបាលរាជធានីភ្នំពេញថ្មី បង្ក្រាបគ្រឿងញៀនឲ្យអស់នៅតំបន់ត្រពាំងឈូក, លោក ឃួង ស្រេង ប្តេជ្ញាថា នឹងលុបបំបាត់ឲ្យអស់ មិនឲ្យរើឡើងវិញឡើយ (Video inside)

26-06-2017 11:54

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានស្នើឲ្យលោក ឃួង ​ស្រេង ដែលនឹងត្រូវឡើងកាន់ តំណែងជាអភិបាលរាជធានីភ្នំពេញ ត្រូវបង្រ្កាបករណីជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅតំបន់ត្រពាំងឈូក ក្នុងខណ្ឌសែនសុខឲ្យអស់ ហើយធ្វើការអភិវឌ្ឍន៍តំបន់នេះ ឲ្យទៅជាសហគមន៍ដ៏ល្អមួយ មានសាលារៀន និងមានមន្ទីរពេទ្យត្រឹមត្រូវជាដើម។

ជាការឆ្លើយតបវិញលោក ឃួង ស្រេង បានបង្ហាញការប្តេជ្ញាចិត្តលុបបំបាត់កន្លែងគ្រឿងញៀន នៅតំបន់ត្រពាំងឈូក មិនឲ្យរើឡើងវិញនោះឡើយ ហើយបើមានកើតឡើង នៅតំបន់ណាផ្សេង ក្នុងរាជធានីភ្នំពេញ ដូចតំបន់ត្រពាំងឈូកហ្នឹង អាជ្ញាធរគណៈបញ្ជាការឯកភាពរាជធានី នឹងបើកប្រតិបត្តិការបង្ក្រាបទីតាំងនោះ ឲ្យដូចតំបន់ត្រពាំងឈូកដូច្នេះដែរ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាព្រឹកមិញថា «សង្ឃឹមថា ឯកឧត្តម ឃួង ស្រេង ជិតឡើងកាន់តួនាទី ជាគណៈអភិបាល រាជធានីភ្នំពេញ ខ្ញុំបានមើលព័ត៌មានឃើញថា ប្រជាពលរដ្ឋរង់ចាំមើលតំបន់ហ្នឹងអភិវឌ្ឍន៍ ទៅជាយ៉ាងម៉េច ព្រោះរើយូរហើយអនាធិបតេយ្យ វានៅកន្លែងហ្នឹងវិញ។ ប៉ុន្តែ សង្ឃឹមថា នឹងអភិវឌ្ឍន៍ឲ្យបានឆាប់ បើកាលណាអភិវឌ្ឍន៍គ្រឿងញៀនក៏វាបាត់ដែរ មិនមែនបន្ទោសតែអ្នកអនុវត្តន៍ទេ ប៉ុន្តែទីតាំងនោះវារួមចំណែកដែរ ចុះបើយើងអភិវឌ្ឍន៍ទៅជាកន្លែងមានផ្ទះល្អៗ មានសាលារៀន មន្ទីរពេទ្យ អាហ្នឹង(គ្រឿងញៀន)វាទៅឆ្ងាយដែរ»

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង បានដុតបំផ្លាញគ្រឿងញៀនជាង១២៦,៣១គីឡូក្រាម ដោយយោងតាមការសម្រេចចិត្តរបស់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ។

បើតាមគណៈកម្មការដុតបំផ្លាញគ្រឿងញៀន បានឲ្យដឹងថា គ្រឿងញៀន១២៦,៣១គីឡូក្រាម មានដូចជា៖ មេតំហ្វេតាមីន ហេរ៉ូអ៊ីន ម៉ាទឹកកក អ៊ិចស្តាស៊ី ជាដើម ហើយក្នុងការបង្រ្កាបគ្រឿងញៀននេះ មុខសញ្ញាជនជូញដូរគ្រឿងញៀនមួយចំនួន ត្រូវបានតាមចាបខ្លួនរហូតដល់ក្រៅប្រទេស។ បរិមាណគ្រឿងញៀនច្រើនសន្ធឹកសន្ធាប់នេះ ក្រុមឧក្រិដ្ឋជនបានយកគ្រឿងញៀន ធ្វើជាជំនួញរបស់ខ្លួន ហើយគ្រឿងញៀនបានពង្វក់ស្មារតី អូសទាញជនស្លូតត្រង់ដែលបានប្រើប្រាស់ដោយបំពាន ពិសេសក្នុងស្រទាប់យុវវ័យឲ្យហ៊ានប្រព្រឹត្តបទល្មើសផ្សេងៗ ដូចជា៖ អំពើឃាតកម្ម ចាប់ជំរិត រំលោភសេពសន្ថវៈ លួច ឆក់ ប្លន់ទ្រព្យសម្បតិ្ត ក្រុមបងតូច បងធំ អំពើហិង្សាក្នុងគ្រួសារ បង្កអសន្តិសុខជាច្រើនដល់សង្គមជាតិ៕