ប្រយ័ត្នកូនចៅ! ក្មេងស្រីម្នាក់រៀននៅសាលាបឋមសិក្សាទួលស្វាយព្រៃ ត្រូវជនមិនស្គាល់មុខល្បួងយកទៅបាត់, គ្រួសារអំពាវនាវសមត្ថកិច្ចពាក់ព័ន្ធជួយអន្ដរាគមន៍ផង
23-06-2017 16:01
(ភ្នំពេញ)៖ ក្មេងស្រីម្នាក់ដែលរៀននៅសាលាបឋមសិក្សាទួលស្វាយព្រៃ ក្នុងខណ្ឌចំការមន ត្រូវបានជនសង្ស័យម្នាក់ល្បួងចាប់ខ្លួនយកទៅបាត់ នៅមុខសាលាតែម្ដង ហើយនៅពេលនេះ ក្រុមគ្រួសារទាំងមូលដែលកំពុងញ័រដៃញ័រជើង បាននិងកំពុងស្វះស្វែងរក ព្រមទាំងអំពាវនាវឲ្យសមត្ថកិច្ចពាក់ព័ន្ធជួយអន្ដរាគមន៍ផង។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ។
ឪពុកម្ដាយក្មេងស្រីរងគ្រោះបានបញ្ជាក់ថា ក្មេងស្រីដែលចាត់ខ្លួនឈ្មោះ អេន ណា ហើយពេលដែលបាត់នោះ នាងស្លៀកសំពត់ខៀវ អាវស។ ឪពុកមា្ដយក្មេងស្រី បន្ថែមថា នៅកន្លែងកើតហេតុត្រូវបានគេឲ្យដឹងថា មុនពេលកើតហេតុឃើញមានជនសង្ស័យម្នាក់ ជិះម៉ូតូវីវ៉ា បិទមុខជិត ហើយបានមកល្បូងក្មេងស្រីដោយភូតថា ម្ដាយជួបគ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវឲ្យទៅមើលជាបន្ទាន់។
ក្រោយកើតហេតុភ្លាមៗ ក្រុមគ្រួសារក្មេងរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីឲ្យសមត្ថកិច្ចជួយអន្ដរាគមន៍។
ប៉ុន្ដែទោះជាយ៉ាងនេះក្ដី គ្រួសារក្មេងរងគ្រោះអំពាវនាវដល់សាធារណៈជនណា ដែលបានឃើញក្មេងស្រីរងគ្រោះដូចរូបខាងក្រោមនេះ សូមទំនាក់ទំនងលេខទូរស័ព្ទ ០១២ ២២៨ ៣០០/០១២ ៥៤២ ១៩៩៕