អ្នកប្តឹងប្រឆាំង លោក ខឹម វាសនា ចូលបំភ្លឺនៅតុលាការក្រុងភ្នំពេញ តាមការកោះហៅ (Video inside)
23-06-2017 09:41
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ លោក សុច សឿង ដែលជាម្ចាស់បណ្តឹងប្រឆាំង លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានចូលបំភ្លឺ នៅសាលាដំបូងរាជធានីភ្នំពេញហើយ តាមការកោះហៅរបស់តំណាងអយ្យការ។
លោក សុច សឿង អតីតចាងហ្វាងកាសែតផ្កាយព្រឹក កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ បានដាក់ពាក្យប្តឹង លោក ខឹម វាសនា ទៅតុលាការក្រុងភ្នំពេញ ដោយចោទប្រធានគណបក្សមួយនេះថា បានជេរប្រមាថម្ដងហើយម្ដងទៀតមកលើពូជសាសន៍ជាតិខ្មែរ។
នៅក្នុងពាក្យបណ្តឹង លោក សុច សឿង បានបញ្ជាក់ថា កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅក្នុងវេទិកាជួបជុំមួយ លោក ខឹម វាសនា បានជេរប្រមាថ មើលងាយពូជសាសន៍ខ្មែរ ដែលលោក យល់ថាធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់លោកក្នុងនាមពលរដ្ឋខ្មែរមួយរូប ក៏ដូចជាប្រទេសជាតិខ្មែរទាំងមូល។
ត្រង់ចំណុចនេះ លោក សុច សឿង បានស្នើដល់តុលាការក្រុងភ្នំពេញ ផ្ដន្ទាទោស លោក វាសនា តាមផ្លូវច្បាប់ និងត្រូវឱ្យប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមួយនេះ សុំទោសជាសាធារណៈ។
អង្គភាពព័ត៌មាន Fresh News មិនទាន់អាចទំនាក់ទំនង លោក ខឹម វាសនា បាននៅឡើយទេ។ ប៉ុន្តែនាពេលកន្លងមក សមាជិករបស់ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានច្រានចោលនូវការចោទប្រកាន់នេះ ហើយចាត់ទុកថា ជាការមួលបង្កាច់៕