បើកបរសូមពាក់មួកសុវត្ថិភាពឲ្យបានគ្រប់ៗគ្នា! ស្លាប់៤នាក់ និងរបួស១៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃម្សិលមិញ
21-06-2017 07:21
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ របួសស្រាល៦នាក់ និងរបួសធ្ងន់១១នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍៧លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន៧គ្រឿង រថយន្តតូច២គ្រឿង និងរយន្ដធុនធំ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ, និងប្រជែង និស្រវឹង។
សូមបញ្ជាក់ថា រយៈពេល២០ ខែមិថុនា ឆ្នាំ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៩៥លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៩៣នាក់ របួសធ្ងន់ចំនួន២៤៣នាក់ និងរបួសស្រាលចំនួន៩៤នាក់៕