Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រថយន្តសាំយ៉ុង១គ្រឿង បែកកង់ក្រឡាប់ បណ្តាលឲ្យមនុស្សស្លាប់២នាក់ និង៥នាក់ទៀតរងរបួស នៅស្រុកសំបូរ ខេត្តក្រចេះ

09-06-2017 15:36

(ក្រចេះ)៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅផ្លូវជាតិលេខ៧ ក្រចេះ-ស្ទឹងត្រែង ដោយរថយន្តសាំយ៉ុង១គ្រឿង​​បែកកង់ ក្រឡាប់៣ទៅ៤ត្រឡប់ ដោយខ្លួនឯងបណ្តាលឲ្យមនុស្សស្លាប់២នាក់ និង៥នាក់ទៀតរងរបួសធ្ងន់ស្រាល។ ហេតុការណ៍នេះ បានកើតឡើង នៅក្នុងភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧។

លោក នួន សារិន អធិការរងទទួលផែនសណ្តាប់ធ្នាប់ស្រុកសំបូរ បានឲ្យដឹងថា ករណីខាងលើនេះ បង្កឡើងដោយខ្លួនឯង ដោយមានរថយន្ត ស៊ាំយ៉ុង១គ្រឿង ដឹកអ្នកដំណើរចំនួន៧នាក់ ធ្វើដំណើរពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ រថយន្តបានផ្ទុះកង់ក្រោយ ក៏ក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឲ្យមនុស្សស្លាប់២នាក់ និង៥នាក់ទៀតរងរបួសធ្ងន់ស្រាល។

លោកបានបន្ថែមថា ជនរងគ្រោះទី១៖ ឈ្មោះ អ៊ុន សុខ ភេទស្រី អាយុ៧៣ឆ្នាំ (ស្លាប់) មានទីលំនៅ ភូមិសំពរ ឃុំស្វាយទាល ស្រុកចំការលើ ខេត្តកំពុងចាម, ទី២៖ ឈ្មោះ សោម តុលា ភេទប្រុស អាយុ៥ឆ្នាំ(ស្លាប់) មានទីលំនៅក្នុងភូមិជាមួយគ្នា, ទី៣៖ ឈ្មោះ សោម នៀម ភេទស្រី អាយុ៤៩ឆ្នាំ ទី៤៖ ឈ្មោះ សោម សុគុណ ភេទស្រី អាយុ២០ឆ្នាំ ទី៥៖ ឈ្មោះ សោម ស្រីណា ភេទស្រី អាយុ១៩ឆ្នាំ, ទី៦៖ ឈ្មោះ សោម ស្រីខួច ភេទស្រី អាយុ១២ឆ្នាំ ទី៧៖ ឈ្មោះ សោម សុខថៃ ភេទស្រី អាយុ៧ឆ្នាំ (រងរបួសស្រាល៥នាក់) រស់នៅក្នុងភូមិជាមួយគ្នា។

ចំណែកអ្នកបើកបរ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ (គេចខ្លួនបាត់) និងរថយន្តត្រូវបានសមត្ថកិច្ចជំនាញ​យកទៅ​រក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរគ្រៀង ដើម្បីរង់ចាំដោះស្រាយតាមនីតិវីធិច្បាប់។ រីឯសាកសពត្រូវបានប្រគល់ ជូនដល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕