អភិបាលខេត្តកណ្តាល ដឹកនាំក្បួនដង្ហែឃោសនាបោះឆ្នោត ទ្រង់ទ្រាយធំនៅក្នុងខេត្ត ដោយមានសមាជិកចូលរួម១២ម៉ឺននាក់
02-06-2017 20:53
(កណ្តាល)៖ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧នេះ លោក ម៉ៅ ភិរុណ សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល និងជាប្រធានគណៈពង្រឹងមូលដ្ឋានក្រុងតាខ្មៅ និងលោកស្រី បានរៀបចំដឹកនាំក្បួនដង្ហែ បិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នាថ្ងៃចុងក្រោយ ដោយមានសមាជិក សមាជិកាចូលរួមចំនួន១២ ម៉ឺននាក់ នៅទូទាំងខេត្តកណ្តាល។
ដោយឡែកសម្រាប់ក្រុងតាខ្មៅ មានចំនួន១ម៉ឺននាក់ ដឹកនាំដោយលោក ម៉ៅ ភិរុណ សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាខេត្តកណ្តាល និងជាប្រធានគណៈពង្រឹងមូលដ្ឋានក្រុងតាខ្មៅ និងអស់លោក លោកស្រី គណៈពង្រឹងមូលដ្ឋានក្រុងតាខ្មៅ។
នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ ជាថ្ងៃចុងក្រោយ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤។ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា នៅតាមមូលដ្ឋាននានា ក៏បានបើកយុទ្ធនាការហែក្បួនទ្រង់ទ្រាយធំរៀងៗខ្លួន។
សម្រាប់នៅរាជធានីភ្នំពេញ សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានដឹកនាំសមាជិក និងអ្នកគាំទ្រប្រមាណ ២០ម៉ឺនដង្ហែពីវិថី៦០ម៉ែត្រ (វិថីសម្តេចតេជោ) ទៅកាន់រង្វាន់មូលគួចកាណុង (គល់ស្ពានស្ទឹងមានជ័យ)ផងដែរ។ នេះជាលើកដំបូងហើយដែលសម្តេចតេជោ ហ៊ុន សែន ដឹកនាំក្បួនដង្ហែឃោសនាបោះឆ្នោត ទ្រង់ទ្រាយធំសម្បើមបែបនេះ ចាប់តាំងពីឆ្នាំ២០០២មក៕