Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប៉ះពាល់សុខភាពខ្លាំងណាស់! ឈ្មួញនៅខេត្តកំពង់ធំ ប្រមូលទិញសត្វគោ ក្របី ដែលកំពុងមានជ​ម្ងឺមកកាប់លក់ឲ្យប្រជាពលរដ្ឋបរិភោគ, មន្រ្តី និងអាជ្ញាធរកំពុងចុះទប់ស្កាត់ (Video inside)

30-05-2017 12:16

(កំពង់ធំ)៖ ក្នុងរយៈពេលថ្មីៗនេះមានព័ត៌មានថា ក្រុមឈ្មួញបានចុះទៅប្រមូលទិញសត្វគោ ក្របី ដែលកំពុងមានជម្ងឺ និងស្លាប់ជាច្រើនក្បាល នៅភូមិច្រម៉ាស ឃុំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដើម្បីយកទៅកាប់លក់ឲ្យប្រជាពលរដ្ឋដើម្បីបរិភោគ ដែលអាចធ្វើឲ្យមានការប៉ះពាល់ សុខភាពខ្លាំងណាស់។ នេះតាមមេភូមិនៅក្នុងតំបន់កើតហេតុ បានប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧នេះ។

លោកមេភូមិច្រម៉ាស ក្នុងឃុំសំបូរណ៍ បានប្រាប់ថា រយៈពេលជិត១០ថ្ងៃនេះ មានសត្វគោចំនួន៦ក្បាល និងក្របីចំនួន២០ក្បាល បានងាប់ ហើយសត្វដែលកំពុងមានជម្ងឺលក់ចេញមានចំនួន៣៥ក្បាល។

លោកមេភូមិ បាននិយាយបន្តទៀតថា «អ្នកមកប្រមូលទិញសត្វឈឺ និងងាប់ទាំអស់នេះ ជាឈ្មួញរកស៊ីគោ ក្របី មកពីភូមិកំពង់ក្របៅ បានមកសហការជាមួយ និងឈ្មួញដុះស្លែម្នាក់ ប្រចាំស្រុកប្រាសាទសំបូរ ដែលគេស្គាល់ឈ្មោះថា ហ៊ុន ថាន រស់នៅភូមិត្រពាំងជ្រូក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ដែលធ្លាប់លឺល្បីតៗគ្នាថា ខាងទិញគោ ក្របី ដែលងាប់វះយកសាច់ទៅលក់នៅទីរួមខេត្ត គឺនៅផ្សារកំពង់ធំតែម្តង»។

ជុំវិញបញ្ហានេះ លោក ចាន់ បញ្ញាវ័ន្ធ ប្រធានការិយាល័យបសុ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ បានឲ្យថា ក្រោយពីទទួលដំណឹង មានសត្វគោ ក្របី ងាប់កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ នៅភូមិខាងលើ លោក និងក្រុមការងារបានចុះភ្លាម បានពន្យល់ណែនាំដល់ ប្រជាពលរដ្ឋ ឲ្យយកសត្វគោ ក្របីដែលមានជម្ងឺ ដាច់ដោយឡែកពីសត្វមិនមានជម្ងឺ ហើយយើងនឹងបន្តព្យាបាលទៅទៀតព្រោះជម្ងឺនេះ យើងព្យាបាលជាទេ។

ជាមួយគ្នានេះ លោកបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ កុំចិញ្ចឹមសត្វលែងពាសវាលពាសកាល ហើយឲ្យបងប្អូនចូលរួមយកសត្វគោ ក្របី មកចាក់វ៉ាក់សាំងឲ្យបានគ្រប់ចំនួន និងសូមឲ្យអាជ្ញាធរស្រុកជួយទប់ស្កាត់ ក្នុងការចែកចាយសត្វ ដែលមានជម្ងឺ ហើយលោកនឹងចាត់វិធានការ ត្រួតពិនិត្យតាមសត្វឃាតដ្ឋានទាំងអស់ និងតាមទីផ្សារ។

លោក ខៀវ ប៉ាង អភិបាលស្រុកប្រាសាទសំបូរ បានឲ្យដឹងថា សត្វគោ ក្របី ដែលបានងាប់នោះ គឺងាប់យូរថ្ងៃហើយ ហើយរូបលោកក្នុងនាមជាប្រធាន គណៈបញ្ជាការឯកភាពស្រុក ក្រោមការណែនាំពីអភិបាលខេត្តលោក សុខ លូ បានចាត់ឲ្យជំនាញជាបន្ទាន់ ចុះព្យាបាល និងចាត់ឲ្យសមត្ថកិច្ចទាំងអស់ ធ្វើការត្រួតពិនិត្យលើរថយន្ត ឬម៉ូតូដែលសង្ស័យថា មានការដឹកសាច់ចេញពីភូមិ៕