សូមប្រយ័ត្នពេលធ្វើដំណើរពេលយប់! មានជនល្មើសយកចងខ្សែលីឡុង ចងកាត់ទទឹងផ្លូវ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ បង្កឲ្យទាក់-ក ពលរដ្ឋម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម
15-05-2017 13:21
(កំពង់ធំ)៖ បុរសម្នាក់បានធ្វើដំណើរតាមផ្លូវលំ បានស្លាប់យ៉ាងអាណោចអាធ័ម ដោយសារតែមានជនមិនស្គាល់មុខបានយកខ្សែលីឡុង ទៅចងកាត់ទទឹងផ្លូវ នាពេលយប់ស្ថិតនៅចំណុចលើផ្លូវលំ ខាងកើតភូមិខ្សាច់ល្អិត ឃុំចុងដូង ស្រុកបារាយណ៌ ខេត្តកំពង់ធំ ដែលហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧។
សមត្ថកិច្ចបានបញ្ចាក់ថា ជនបង្កពុំស្គាល់អត្តសញ្ញាណនោះទេ ដោយបានយកខ្សែលីឡុង ចងកាត់ទទឹងផ្លូវ ពីដើមឈើមួយទៅដើមឈើមួយទៀត ធ្វើឲ្យទាក់ក ជនរងគ្រោះ ឈួន ប៊ុនធឿន អាយុ៣៨ឆ្នាំ រស់នៅភូមិកើតហេតុ។
ហេតុការណ៍នេះ បានកើតឡើងខណៈជនរងគ្រោះ បានបើកម៉ូតូរឺម៉ក់ដឹកឈើ លុះពេលដល់កន្លែងចងខ្សែលីឡុង នោះស្រាប់តែបណ្ដាលឲ្យធ្លាក់ពីលើម៉ូតូរឺម៉ក់ស្លាប់ នៅនិងកន្លែងតែម្តង។ ចំណែកអ្នករួមដំណើម្នាក់ឈ្មោះ ប៉ាវ ហៃ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិគូឃុំចុងដូង ស្រុកបារាយណ៌ ពុំមានរងរបួសទេ។
សាកសពជនរងគ្រោះ ត្រូវបានបងប្អូនប្រពន្ធកូនយកទៅធ្វើបុណ្យតាមប្រពៃណី ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរក មុខជនបង្កមកផ្ដន្ទាទោសតាមច្បាប់៕