Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រថយន្ដក្រុងក្រុមហ៊ុន វីរៈប៊ុនថាំ ក្រឡាប់បណ្តាលឲ្យ ជនបរទេស៧នាក់ រងរបួសធ្ងន់ស្រាល នៅក្រុងប៉ោយប៉ែត

08-05-2017 16:54

(បន្ទាយមានជ័យ)៖ រថយន្ដដឹកភ្ញៀវទេសចរអន្តរជាតិក្រុមហ៊ុន វីរៈប៊ុនថាំ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយក្រឡាប់បណ្តាលឲ្យ ជនជាតិបរទេសចំនួន៧នាក់ រងរបួសធ្ងន់ស្រាល តែសំណាងល្អគ្មានអ្នកស្លាប់នោះទេ។ គ្រោះថ្នាក់នេះ បានកើតឡើងនៅតាម បណ្តាយផ្លូវជាតិលេខ៥ ខាងកើតស្ថានីយ៍ជញ្ជើងថ្លឹងរថយន្ត ក្នុងភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧នេះ។

លោក សៅ សារឿន អធិការរងទទួលផែនចរាចរណ៍បានប្រាប់ភ្នាក់ងារ Fresh News ថា ក្រោយពីកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ច បានចុះអន្តរាគមន៍ទាន់ពេលវេលា និងជួយសង្គ្រោះភ្ញៀវបរទេស ទៅកាន់មន្ទីរពេទ្យបង្អែកប៉ោយប៉ែត។

លោកបានឲ្យដឹងទៀតថា ករណីខាងលើនេះបានកើតឡើង ដោយសារតែរថយន្តតូច បើកចេញពីផ្លូវលំ បុករថយន្តក្រុង កំពុងបើកបរ លើផ្លូវជាតិ៥ ទើបបង្ករថយន្តក្រុងខាងលើនេះ ធ្លាក់ផ្លូវក្រឡាប់តែម្តង និងបណ្តាលឲ្យរបួស ជនជាតិបរទេសចំនួន៧នាក់ក្នុងនោះ មានស្រី៤នាក់ ប្រុស៣នាក់ ធ្ងន់ស្រាល តែមិនបង្កឲ្យជនបរទេសណាម្នាក់ ស្លាប់ក្នុងហេតុការណ៍នេះទេ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច បានចុទៅវាស់វែង និងស្រាវជ្រាវរករថយន្តកាមរីបើកគេច ដើម្បីដោះស្រាយរវាងរថយន្តបង្ក និងរថយន្តរងគ្រោះនាពេលក្រោយ៕