Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រោះធម្មជាតិ! ភ្លៀងមួយមេ នាំខ្យល់កន្ត្រាក់បោករំលំផ្ទះ និងរបើកដំបូលអស់ជាង៧០ខ្នង និងបង្កឲ្យមនុស្ស៦នាក់ រងរបួសធ្ងន់ នៅខេត្តកំពង់ធំ

05-05-2017 12:11

(កំពងធំ)៖ ភ្លៀងមួយមេលាយឡំជាមួយខ្យល់កន្ត្រាក់ បានបោករំលំផ្ទះ ប្រជាពលរដ្ឋអស់ជាង៧០ខ្នង និងបង្កឲ្យមនុស្សចំនួន៦នាក់ រងរបួសធ្ងន់ ក្នុងនោះនៅភូមិពាមគ្រែង និងភូមិអូរសំប៊ូរ ឃុំក្តីដូង ឃុំសានគរ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ចំនួន៤៤ខ្នង, នៅតំបន់ភ្នំច្រិច ឃុំគ្រយា ស្រុកសន្ទុក ក៏រងការខូចខាតអស់ចំនួន ២៨ខ្នង នៅស្រុកប្រាសាទបល្ល័ង្ក១ខ្នង និងក្រុងស្ទឹងសែន២ខ្នងផងដែរ។

មន្រ្តីមូលដ្ឋានបានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅចន្លោះម៉ោង៦-៧ យប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ មានភ្លៀងធ្លាក់តិចៗជាមួយខ្យល់កន្ត្រាក់ ប៉ះចំឃុំក្តីដូង ឃុំកំពង់សានគរ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ បង្កឲ្យផ្ទះបានដួលរលំត្រេត ព្រមទាំងរបើកដំបូលផ្ទះសរុប ៤៤ខ្នង ដួលរាបទាំងស្រុង ១៤ខ្នង ក្នុងនោះមានទាំងកុដិ១ខ្នងផងដែ និងដួលរលំនៅក្នុងឃុំគ្រយា ស្រុកសន្ទុក ចំនួន២៨ខ្នង ក្នុងនោះដួលរាប ៨ខ្នង ទាំងសាលាឆាន់១ខ្នងផងដែរ លុះព្រឹកឡើងគេឃើញមានវត្តសមត្ថកិច្ចមូលដ្ឋាន ចុះទៅសាកសួរ និងធ្វើរបាយការណ៍។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា នៅក្នុងហេតុការគ្រោះមហន្តរាយនេះ បានបង្កឲ្យមនុស្យចំនួន៦នាក់ នៅភូមិពាមគ្រែងបានរងរបួស ដោយសារផ្ទះឈើបានដួលរលំលើ និងដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ធំទាំងយប់។ ចំណែកផ្ទះដែលដួលរលំទាំងស្រុងនោះ មានចំនួន២៣ខ្នង ត្រេតចំនួន៥ខ្នង និងរបើកដំបូលចំនួន៤៧ខ្នង សរុបមានចំនួន៧៥ខ្នង ដែលស្ថិតក្នុងស្រុកកំពង់ស្វាយ និងស្រុកសន្ទុក និងកៅស៊ូដួលរលំចំនួន ៣០០០ដើម នៅក្រុមហ៊ុនតាន់បៀន។

ជាមួយគ្នានេះ ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង នៅស្រុកប្រាសាទបល្ល័ង្ក និងក្រុងស្ទឹងសែន ក៏ត្រូវរងការខូចខាតផងដែរ៕