Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលរាជធានីភ្នំពេញ សម្រេចកសាងផ្លូវបេតុងជាង៥គីឡូម៉ែត្រ ជុំវិញតំបន់កោះដាច់ ដើម្បីសម្រួលដល់ការធ្វើដំណើរបស់ប្រជាពលរដ្ឋ

01-05-2017 11:27

(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានប្រកាសជាផ្លូវការថា ចំពោះការស្នើសុំរបស់លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ ជុំវិញការសុំការកសាងផ្លូវបេតុងឲ្យបានជុំវិញតំបន់កោះដាច់នោះ រដ្ឋបាលរាជធានីភ្នំពេញ បានសន្យាផ្តល់ជូន ហើយហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតវាត្រូវតែជួសជុលឡើងវិញ។

អភិបាលខណ្ឌជ្រោយចង្វា បានស្នើសុំឲ្យលោកប៉ា សុជាតិវង្ស ជួយកសាងផ្លូវបេតុងជាង៥ គីឡូម៉ែត្រ រួមនិងការបំពាក់គ្រឿងបរិក្ខារ កុំព្យូទ័រ និងវិទ្យុទាក់ទង ដើម្បីបំពាក់ឲ្យ សង្កាត់កោះដាច់។ ការថ្លែងរបស់លោក ប៉ា សុជាតិវង្ស បានធ្វើឡើងនៅក្នុង បើកសម្ពោធដាក់ឲ្យប្រើប្រាស់ អគាររដ្ឋបាលសង្កាត់ និងប៉ុស្តិ៍រដ្ឋបាល សង្កាត់កោះដាច់ ស្ថិតក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧នេះ។

លោក ប៉ា សុជាតិវង្ស បានថ្លែងទៅកា​​ន់ប្រជាពលរដ្ឋថា «យើងនៅមានគម្រោងស្ថាបនា ស្ពានឆ្លងកាត់ទន្លេជាច្រើន កន្លែងទៀត ដូចជា៖ ស្ពានឆ្លងកាត់ពី ជ្រោយចង្វារ មកកោះដាច់ ពីកោះដាច់ទៅអរិយក្សត្រ ហើយពីអរិយក្រត្រទៅផ្លូវជាតិលេខ១ ដែលជាផ្លូវខ្សែក្រវ៉ាត់ រាជធានីភ្នំពេញ ជាមួយផ្លូវថ្មីៗជាច្រើនខ្សែទៀតផងដែរ ក្រោយពីស្ពានដែលជាខ្សែក្រវ៉ាត់ទី៤ ព្រែកសំរោង»

រាជរដ្ឋាភិបាល​គ្រោង​ស្ថាបនា​គម្រោង​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ​ពី​តំបន់​ជ្រោយចង្វារ ភ្ជាប់​ទៅ​តំបន់​កោះដាច់ អរិយ​ក្សត្រ និង​ភ្ជាប់​ទៅ ​ផ្លូវជាតិ​លេខ​១ ដើម្បី​បង្កើន​ភាពងាយស្រួល​ដល់ ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើដំណើរ​ឲ្យ​កាន់តែ​ប្រសើរ ដោយ​មិន​ប្រឈម​គ្រោះថ្នាក់​ពេល​ឆ្លង​ទូកដរ​ទៀតឡើយ​។​

អភិបាល​រាជធានី ​បាន​បញ្ជាក់ថា «គម្រោង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ភាគ​ខាងកើត​នេះ ​នឹង​ជួយ​កាត់បន្ថយ​បញ្ហា​ចរាចរណ៍​មួយផ្នែកធំ ​ចូលទៅក្នុង​ទីក្រុង​ដោយ​ឆ្ពោះទៅ​ផ្លូវ​ជា​លេខ​១ ហើយគម្រោង​នេះ​ គឺ​បាន​ដោះស្រាយ​ការលំបាក​ជូន​ប្រជាពលរដ្ឋ ​ក្នុង​តំបន់​កោះដាច់​បាន​យ៉ាងច្រើន ខណៈដែល​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ ​ត្រូវ​ប្រើ​មធ្យោបាយ​ឆ្លង​ទូកដរ ដើម្បី​ធ្វើដំណើរ​ពី​ត្រើយម្ខាង​ទៅ​ត្រើយម្ខាង​ទៀត»​។​

បន្ថែមពីលើនេះលោក ប៉ា សុជាតិវង្ស បានឲ្យដឹងថា អាជ្ញាធរ​នឹង​ប្តេជ្ញា​អនុវត្ត​គម្រោង​នេះ​ឲ្យ​បាន ដើម្បី​ដោះស្រាយ​ការលំបាក​របស់​ប្រជាពលរដ្ឋ ហើយ​ដើម្បីឲ្យ​តំបន់​នេះ ​កាន់តែ​មានការ​អភិវឌ្ឍ​ន៍ ដោយសារតែ​តំបន់​កោះដាច់ ជា​តំបន់​ទាក់ទាញ​ទេសចរណ៍​មួយ​ប្រចាំរាជធានី​ភ្នំពេញ​។​

​លោក​ស្រី ​តែម វណ្ណា ជា​ប្រជាពលរដ្ឋ​ក្នុង​តំបន់​កោះដាច់ ​បាន​ស្វាគមន៍​ចំពោះ​គម្រោង​ស្ថាបនា​ស្ពាន​ឆ្លងកាត់​ទន្លេ​គ​ង្គ ​ពី​តំបន់​ជ្រោយចង្វារ ​ឆ្ពោះ​មក​តំបន់​កោះដាច់​នេះថា ​នឹង​ធ្វើឲ្យ​ជីវភាពរបស់​ពួកគាត់ ​កាន់តែ​មានការ​រីកចំរើន តាមរយៈ​មាន​ស្ពាន​ឆ្លងកាត់​ធ្វើដំណើរ​បាន​លឿន និង​កាត់បន្ថយ​ការចំណាយ​សេវា​ជិះទូក​ដរ​ជាដើម​។

អ្នកស្រី​បាន​អំពាវនាវ​ ឲ្យ​រាជរដ្ឋាភិបាល អនុវត្ត​គម្រោង​ស្ថាបនា​នេះ​ឲ្យ​បាន​កាត់​តែ​ឆាប់​គឺ​កាន់តែ​ល្អ ហើយនឹង​បានប្រែក្លាយ​តំបន់​នេះ​កាន់តែ​មានការ​អភិវឌ្ឍ​និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។​ សូមបញ្ជាក់ថា ការប្រកាស​របស់​អភិបាល​រាជធានី​ភ្នំពេញ​ពី​គម្រោង​ស្ថាបនា​ផ្លូវ​ក្រវ៉ាត់​ក្រុង​ភាគ​ខាងកើត​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ស្ថាបនា​គម្រោង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៤​រួចរាល់ ពី​ផ្លូវជាតិ​លេខ​៥​តាមផ្លូវ​កប់​ស្រូវ​ឆ្ពោះទៅ​ស្ពាន​ព្រែក​សំរោង​ក្រុង​តាខ្មៅ ហើយ​ឆ្ពោះទៅ​ផ្លូវជាតិ​លេខ១​។

លោក ប៉ា សុជាតិវង្ស បានកត់សំគាល់ឃើញថា ក្នុងសង្កាត់ជ្រោយចង្វានេះ មានការរីកចំរើនយ៉ាងខ្លាំង ក្រោយពីសង្កាត់នេះ បានកាត់ចូលមករាជធានីភ្នំពេញ ដោយយើងបានកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជាផ្លូវថ្នល់ និងមានមណ្ឌលសុខភាព ជាដើម បើទោះបីសេវាសុខាភិបាលនេះ មិនទាន់បានល្អប្រសើរយ៉ាងណាក្តី ហើយជាក់ស្តែង សម្រាប់ពេលនេះ យើងបានកសាង បាននៅអគាររដ្ឋបាលសង្កាត់ និងប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រោយចង្វារ ថែមទៀត ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងបំរើសេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ស្របពេល ដែលរាជរដ្ឋាភិបាល បានដាក់ចេញជាគោលការណ៍ ឲ្យមានការបំរើសេវានេះ នៅគៀកកិតជាមួយប្រជាពលរដ្ឋ៕