ក្រុមការងារបក្សចុះជួយស្រុកឧដុង្គ ជួបជាមួយគ្រួសារបក្សជិត១ពាន់គ្រួសារ និងណែនាំឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត នៅថ្ងៃ៤ ខែមិថុនា ឆ្នាំ២០១៧
30-04-2017 10:19
(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ឯក អ៊ុក កោសា ទីប្រឹក្សាសម្តេចពញាចក្រី ហេង សំរិន រួមជាមួយក្រុមការងារចុះជួយស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ លោក លី សុន ប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយស្រុកឧដុង្គ និងលោកឧត្តមសេនីយ៍ត្រី យ៉ុង ម៉ៅ និងមានសមាជិក-សមាជិកាជាក្រុមការងារគណៈកម្មាធិការកណ្តាល ចុះជួយស្រុកឧដុង្គ ដែលបានជួបសំណេះសំណាលជាមួយសមាជិកបក្ស មកពីភូមិព្រៃជុំ ភូមិរូង និងភូមិព្រៃធំ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ចំនួន៩១៩នាក់ ប្រកបដោយភាពស្និទ្ធស្នាលបំផុត។
ឱកាសសំណេះសំណាលនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧។ ក្នុងនោះ លោកបណ្ឌិត អ៊ុក កោសា បានលើកឡើងថា «បងប្អូនជាសមាជិកបក្សប្រជាជន ត្រូវតែនាំគ្នាទៅបោះឆ្នោត មិនតែប៉ុណ្ណោះ ត្រូវប្រាប់ក្រុមគ្រួសារជាសមាជិកឲ្យបានជ្រាប ពីថ្ងៃបោះឆ្នោតផងដែរ គឺនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ»។
ចំពោះសមាជិកទាំងអស់ បើសិនជាមានជួបការលំបាក សូមផ្តល់ដំណឹងមកក្រុមការងារ ដើម្បីឲ្យក្រុមការងារដោះស្រាយជូន ឲ្យបានទាន់ពេលវេលា។ ក្រុមការងារក៏បានឧបត្ថម្ភថវិកាដល់សមាជិកបក្សសរុប ១១លានរៀល និងអង្ករ ៣៥០គីឡូក្រាម ត្រីខកំប៉ុងចំនួន ២,០០០កំប៉ុង ផងដែរ៕