Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ជួបសមាជិកបក្ស​មកពី​ក្រសួង​សុខាភិបាល​ជាង ៤ពាន់នាក់ និយាយពីការ​ត្រៀមខ្លួនឆ្ពោះ​ទៅកាន់ការបោះឆ្នោត

26-04-2017 10:02

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០១៧នេះ បានជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាមកពី ក្រសួងសុខាភិបាលជាង ៤ពាន់នាក់ ដើម្បីដាក់ចេញនូវផែនការ និងយុទ្ធសាស្រ្តមួយចំនួនឆ្ពោះទៅរកការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧ និងបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តឆ្នាំ២០១៨។

កិច្ចសំណេះសំណាលត្រូវបានគេដឹងថា ធ្វើឡើងដើម្បីបង្ហាញនូវការងារសំខាន់ៗមួយចំនួន ដើម្បីត្រៀមលក្ខណៈសម្បត្តិ​ឆ្ពោះទៅរកការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ក៏ដូចជាការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៦ ឆ្នាំ២០១៨ផងដែរ។

នៅសល់រយៈពេលតែជាង១ខែទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ នឹងឈានចូលមកដល់ហើយ។

គ្រាដែលការបោះឆ្នោតកាន់តែខិតជិតមកដល់នេះ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច និងជាបក្សនយោបាយចាស់ទុំមានរចនាសម្ព័ន្ធដឹកនាំ រឹងមាំជាងគេនៅកម្ពុជា បាននិងកំពុងបង្កើនសកម្មភាពយ៉ាងមមាញឹក ក្នុងទិសដៅដណ្តើមយកប្រៀបឈ្នះសម្រាប់ការបោះឆ្នោត។

សម្តេចតេជោ ហ៊ុន សែន រួមនិងថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា បានចេញធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំនៅតាមមូលដ្ឋាន ក្រៅពីនោះកិច្ចសំណេះសំណាលជាមួយសមាជិក សមាជិកា មកពីតាមក្រសួងស្ថាប័ន ព្រមទាំងមន្រ្តីតាមបណ្តាខេត្ត ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ផងដែរ។

រាល់កិច្ចសំណេះសំណាលទាំងនោះ សម្តេចតេជោ ហ៊ុន សែន តែងក្រើនរំលឹកដល់សមាជិក សមាជិកបក្សរបស់ខ្លួន ឲ្យប្រឹងប្រែងយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ជាពិសេសមិនត្រូវធ្វើរឿងនាំដល់ការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋនោះឡើយ៕