ពិតជាល្អមែន! ស្នងការខេត្តកំពត ចាត់ឲ្យមន្ដ្រីជំនាញចុះធ្វើអត្តសញ្ញាណប័ណ្ណ ជូនពលរដ្ឋនៅតាមទីប្រជុំជន ក្នុងឱកាសបុណ្យចូលឆ្នាំ
12-04-2017 18:43
(កំពត)៖ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ជាថ្ងៃដែលមន្ដ្រីរាជការ កម្មករ កម្មការិនី សិស្ស និស្សិត ឈប់សម្រាកពីការងារ និងការសិក្សា ដោយឡែកចំពោះអ្នកចំណាកស្រុក ក៏ត្រូវធ្វើដំណើរទៅលេងស្រុកកំណើតផងដែរ, ឆ្លៀតក្នុងឱកាសដែលបងប្អូន ប្រជាពលរដ្ឋទៅលេងស្រុកកំណើត ជួបជុំក្រុមគ្រួសារ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាឲ្យមន្ដ្រីជំនាញ ចុះប្រមូលទិន្នន័យ ផ្ដល់អត្តសញ្ញាណប័ណ្ណជូនពលរដ្ឋ ក្នុងពេលដែលពលរដ្ឋកំសាន្ដសប្បាយនេះតែម្ដង។
ក្នុងលិខិតដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧នេះ បញ្ជាក់ថា នៅថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧នេះ ដែលត្រូវនឹងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ មន្ដ្រីជំនាញត្រូវចល័តកម្លាំង និងម៉ាស៊ីនធ្វើអត្តសញ្ញាណប័ណ្ណ នៅតាមទីប្រជុំជន វត្តអារាម រមណីដ្ឋាន ព្រោះទីកន្លែងទាំងពួកគាត់បានធ្វើការជួបជុំគ្នា៕