ប្រជាពលរដ្ឋខេត្តកំពង់ធំ មានឱកាសចូលរួមកម្សាន្តជាមួយ «សង្ក្រាន្តសំបូរព្រៃគុក» នាឱកាសបុណ្យចូលឆ្នាំថ្មីនេះ
11-04-2017 22:29
(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ បានរៀបចំពិធីក្រុងពាលីបួងសួង ដើម្បីត្រៀមប្រារព្ធព្រឹត្តិការណ៍ «សង្ក្រាន្តសំបូរព្រៃគុក» នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ក្រោមអធិបតីភាពលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទសំបូរព្រៃគុក ស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ។
ពិធីក្រុងពាលីថ្ងៃនេះ មានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់មន្ទីរ កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការជុំវិញខេត្ត ជាច្រើនរូបទៀត ដើម្បីសុំសេចក្តីសុខសប្បាយដល់មន្រ្តីរាជការ និងប្រជាពលរដ្ឋទាំងអស់ ក្នុងខេត្តកំពង់ធំ ឲ្យបានសម្រេចគ្រប់សេចក្ដីប្រាថ្នា គ្រប់ភារកិច្ច និងឲ្យដំណើរការរៀបកម្មវិធីសង្ក្រាន្តសំបូរព្រៃគុកនេះ ឲ្យទទួលបានជោគជ័យផងដែរ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍សង្ក្រាន្តសំបូរព្រៃគុក នឹងត្រូវប្រារព្ធឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៧ ស្របគ្នាជាមួយព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» នៅខេត្តសៀមរាបអង្គរនោះដែរ៕