ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកអាជ្ញាធរជាតិអប្សរា ប្រារព្ធពិធីសូត្រមន្ត អបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
06-04-2017 15:39
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧នេះ លោក ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិក នៃអាជ្ញាធរជាតិអប្សរាជាច្រើន បានប្រារព្ធពិធីសូត្រមន្តលើករាសី ដើម្បីអបអរសាទរមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ពិធីនេះ ធ្វើឡើងនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរាដោយមានការនិមន្ត ព្រះសង្ឃចំនួន១០អង្គ ចម្រើនព្រះបរិត និងប្រគេនទេយ្យទាន។
លោក ស៊ុំ ម៉ាប់ បានបន្តថា ក្នុងនេះដែរ ក៏មានកម្មវិធីគោរពវិញ្ញាណក្ខន្ធ ដាក់បាត្របង្សុកូលឧទ្ទិសបុណ្យកុសលដល់សព សម្តេចវិបុលបញ្ញា សុខ អាន ដែលទើបតែ ទទួលមរណភាពកន្លងទៅថ្មីៗនេះ ដើម្បីរំលឹកគុណដល់វីរៈភាព សម្តេចដែលបានដឹកនាំអាជ្ញាធរអប្សរាកន្លងមក ឲ្យមានរីកចម្រើនជាច្រើនឥតគណនា កាលពីសម្តេចមិនទាន់ទទួលមរណៈភាព។
ក្រៅពីស្តាប់ព្រះសង្ឃសូត្រមន្ត រាប់បាត្រ និងពិធីបង្សុកូលហើយ ថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា ក៏បានជូនទេយ្យទាន និងថវិកាមួយចំនួន ចំពោះដូនជី តាជី ចំនួន១០រូបផ្សេងទៀត ផងដែរ៕