បើកបរមិនត្រូវសេពគ្រឿងញៀនដាច់ខាត! ស្លាប់១០នាក់ និងរបួស១៨នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃម្សិលមិញ
04-04-2017 07:18
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក បណ្ដាលឲ្យមនុស្សស្លាប់១០នាក់ របួសធ្ងន់ស្រាល១៨នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១២លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន១១គ្រឿង រថយន្ដធុនតូចចំនួន៨គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, ប្រជែង, មិនប្រកាន់ស្តាំ, បត់គ្រោះថ្នាក់, ស្រវឹង, កត្តាយានយន្ត។
សូមបញ្ជាក់ថា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន៣៥លើក បណ្ដាលឲ្យស្លាប់២៤នាក់ របួសធ្ងន់ចំនួន៣៤នាក់ និងរងរបួសស្រាលចំនួន១៦នាក់៕