Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល៖ «ប្រព័ន្ធស្ទាក់ចាប់មីស៊ីលថ្មីត្រូវបំពាក់ហើយ, អ្នកចង់សាកជាមួយអ៊ីស្រាអែល នឹងស៊យធំ!»

03-04-2017 14:42

(អ៊ីសា្រអែល)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសជាផ្លូវការថា ប្រព័ន្ធស្ទាក់ចាប់​មីស៊ីលរយៈចំងាយមធ្យមថ្មីមួយ ត្រូវបានដាក់ឱ្យដំណើរការហើយ មិនតែប៉ុណ្ណោះលោក បានអះអាងទៀតថា ចាប់ពីពេលនេះ​តទៅសត្រូវរបស់អ៊ីស្រាអែល នឹងប្រឈមមុខនឹងគ្រោះថ្នាក់ដ៏ធំ បើសិនជាហ៊ានវាយប្រហារមកលើអ៊ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃចន្ទ ទី០៣ ខែមេសា ឆ្នាំ២០១៧។

ថ្លែងទៅកាន់​អ្នកសារព័ត៌មាន លោក Netanyahu​ បានព្រមានធ្ងន់ៗ​ប្រឆាំងសត្រូវ​របស់អ៊ីស្រាអែល ដូច្នេះថា «ខ្ញុំបញ្ជាក់ជាថ្មី​ឡើងវិញថា មិនថានរណាក៏ដោយឱ្យតែ​ហ៊ានវាយប្រហារ​លើអ៊ីស្រាអែល នោះនឹងត្រូវជួប​គ្រោះធំ ហើយជីវិត​របស់ពួកគេ​នឹងជួបហានិភ័យ​យ៉ាងពិតប្រាកដ»។ មួយវិញទៀត​បើទោះ​បីជាមិនបានបញ្ជាក់ឱ្យចំឈ្មោះថា​ សត្រូវរបស់ខ្លួនជានរណា​ក៏ដោយ ក៏ភាគច្រើនគេដឹងថា លោក Netanyahu​ ចង់និយាយសំដៅ​ទៅលើអ៊ីរ៉ង់ និងក្រុមឧទ្ទាម​ហេសប៊ូលឡាតែម្ដង។

គួរបញ្ជាក់ថា​ប្រព័ន្ធស្ទាក់ចាប់មីស៊ីលថ្មី​របស់អ៊ីសា្រអែល​ឈ្មោះថា David’s Sling គឺត្រូវបានអភិវឌ្ឍន៍ឡើងនៅក្នុងក្របខណ្ឌ នៃគំរោងរួមគ្នា​រវាងទីភ្នាក់ងារ​ការពារមីស៊ីលអ៊ីស្រាអែល និងទីភ្នាក់ងារ​ការពារមីស៊ីល​នៃក្រសួងការពារជាតិ​អាមេរិក៕