Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ចាម អំពាវនាវឲ្យអាជ្ញាធរ កម្លាំងប្រដាប់អាវុធ ត្រូវពង្រឹងការការពារ សុខសុវត្ថិភាព ជូនពលរដ្ឋ ក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខនេះ

02-04-2017 16:36

(កំពង់ចាម)៖ លោក លឹម លន់ថៃ អភិបាលខេត្ដកំពង់ចាម បានថ្លែងអំពាវនាវ ឲ្យអាជ្ញាធរ កម្លាំងប្រដាប់អាវុធ ត្រូវការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងឱកាសចូលឆ្នាំខ្មែប្រពៃណីជាតិ ដែលនឹងខិតជិតមកដល់ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ។

លោកថ្លែងបែបនេះ ក្នុងពិធីបញ្ជូលសមាជិក គណបក្សប្រជាជនកម្ពុជា​ចំនួន៣១២នាក់ នៅឃុំ ខ្នុរដំបង ស្រុកជើងព្រៃ ខេត្ដកំពង់ចាម នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧នេះ ដោយមានអ្នកចូលរួមទាំងប្រធាន និងអនុប្រធានបក្ស ប្រមាណ១,០០០នាក់។

លោកអភិបាលខេត្ដ ថ្លែងបន្ដថា «ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិយើងខាងមុខនេះ សូមឲ្យអាជ្ញាធរ កម្លាំងប្រដាប់អាវុធ ប្រធានភូមិ ឃុុ ស្រុក ត្រូវរក្សាការពារសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ជាប់ជានិច្ច ការពារមានករណីអ្វីកើតឡើងភ្លាមៗ ដូច្នេះ ត្រូវចាំអន្ដរាគមន៍ភ្លាមៗ ជួយសង្គ្រោះ និងរាយការណ៍ភ្លាមៗ ដើម្បីដោះស្រាយនូវបញ្ហាអ្វីដែលកើត ឲ្យបានទាន់ចិត្ដ ជូនប្រជាពលរដ្ឋយើង ធ្វើយ៉ាងណាការពារបងប្អូន ឲ្យបានជាប់និច្ច»

លោកអភិបាលខេត្ដ ថ្លែងបន្ដទៀតថា លើសពីនោះ សូបប្រជាពលរដ្ឋ បើកបរដោយប្រុងប្រយ័ត្នខ្ពស់ ពិសាស្រា សូមកុំបើកបរ ពិសេសកុំប្រព្រឹត្ដ ល្បែងស៊ីសង ព្រោះល្បែងស៊ីសងនេះ វានាំមកនូវវិនាស និងការប្រើអំពើហិង្សាលើគ្រួសារ ហើយពេល ចម្អិនម្ហូបអាហារ ឬអុចធូប និងចរន្ដអគ្គិសនី ត្រូវមើលឲ្យបានត្រឹមត្រូវ មុនចេញទៅទីកន្លែងណាមួយ កុំឲ្យមានអគ្គីភ័យ កើតមានឡើងឲ្យសោះ ។

គួរបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ ខេត្ដកំពង់ចាម ក៏បានរៀបចំពិធីសង្គ្រានឆ្នាំថ្មី ដែលប្រារព្ធធ្វើឡើង នៅសាលាខេត្ដ ដែលមានការដាក់តាំងបង្ហាញផលិតផលនានា​និងលេងល្បែងប្រជាប្រិយ រួមទាំងការតុបតែងអំពូលភ្លើងដ៏ស្រស់ស្អាតផងដែរ៕