សូមជូនដំណឹង! អភិបាលខេត្តកំពង់ស្ពឺ ប្រាប់អាជីវករទាំងអស់ឲ្យបញ្ឈប់រាល់ការលក់ដូរ នៅតាមចិញ្ចើមផ្លូវ និងរបងជុំវិញបរិវេណមណ្ឌលកីឡដ្ឋានខេត្ត ក្នុងរយៈពេល១៥ថ្ងៃនេះ
30-03-2017 16:10
(កំពង់ស្ពឺ)៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានចេញជូនដំណឹងមួយ ជូនទៅដល់អាជីករទាំងអស់ត្រូវធ្វើការ បញ្ឈប់រាល់ការលក់ដូរ អនាធិបតេយ្យនៅតាមចិញ្ចើមផ្លូវ និងរបងជុំវិញបរិវេណមណ្ឌលកីឡដ្ឋានខេត្តកំពង់ស្ពឺ ដោយទុករយៈពេល១៥ថ្ងៃ តម្រូវឲ្យបងប្អូនធ្វើការរុះរើចេញដោយខ្លួនឯង។ នេះបើតាមសេចក្ដីជូនដំណឹង របស់អភិបាលខេត្តកំពង់ស្ពឺ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ។
នៅក្នុងសេចក្តីជូនដំណឹងនេះ លោក វ៉ី សំណាង បានបញ្ជាក់ថា «ដោយសារកន្លងមកថ្មីៗនេះ រដ្ឋបាលខេត្តកំពង់ស្ពឺសង្កេតឃើញថា មានបងប្អូន មួយចំនួនតូច បានមកដល់ដូរនៅតាមចិញ្ចឹមផ្លូវ និងរបងជុំវិញបរិវេណមណ្ឌលកីឡដ្ឋានខេត្ត ដែលជាហេតុធ្វើឲ្យបាត់បង់ សោភ័ណ្ឌភាព សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសបណ្ដាលឲ្យមានការកកស្ទះចរាចរណ៍ទៀតផង»។
លោកអភិបាលបានបញ្ជាក់ឲ្យដឹងថា «ដូច្នេះដើម្បីបញ្ចៀសបានពីបញ្ហាខាងលើនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ សូមធ្វើការបញ្ឈប់រាល់ការលក់ដូរ អនាធិបតេយ្យនៅតាមចិញ្ចើមផ្លូវ និងរបងជុំវិញបរិវេណមណ្ឌលកីឡដ្ឋានខេត្ត ចាប់ពីពេលជូនដំណឹងនេះតទៅ ដោយទុករយៈពេល១៥ថ្ងៃ ឲ្យបងប្អូនធ្វើការរុះរើចេញពីទីតាំងខាងលើនេះដោយខ្លួនឯង ក្នុងករណីផុតកំណត់រយៈពេល បងប្អូនមិនរុះរើ ចេញរដ្ឋបាលខេត្តនឹងចាត់តាំងក្រុមការងារ ដើម្បីចុះអនុវត្តសេចក្ដីជូនដំណឹងនេះ ហើយមិនទទួលខុសត្រូវចំពោះការខូចខាតឡើយ»។
សូមអានព័ត៌មានលម្អិត នៃសេចក្តីជូនដំណឹងរបស់អភិបាល ខេត្តកំពង់ស្ពឺខាងក្រោមនេះ៖