Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន សន្យាជំរុញវិនិយោគិន និងភ្ញៀវទេសចរ ឲ្យមកបណ្តាក់ទុន និងទស្សនា នៅខេត្តសៀមរាបឲ្យកាន់តែច្រើន

28-03-2017 15:43

(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានជួបពិភាក្សាការងារជាមួយ លោក លីវ ជីនមីន ( Liu Zhenming ) អនុរដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធាររដ្ឋប្រជាមានិតចិន និងសមាជិកប្រតិភូ នៅភោជនីដ្ឋានម្លិះ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការមិត្តភាព ឲ្យបានកាន់តែប្រសើរថែមទៀត។

ក្នុងជំនួបពិភាក្សាដែលរៀបចំឡើងនៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ លោកអភិបាលខេត្ត សម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រ និងជួយឧបត្ថម្ភគាំទ្រ គ្រប់បែបយ៉ាងដល់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនខេត្តសៀមរាប នាពេលកន្លងមក ហើយនៅតែបន្តគាំទ្រដល់ ការអភិវឌ្ឍមាតុភូមិកម្ពុជា ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។

ជាមួយគ្នានោះ លោក លីវ ជីនមីន ក៏បានសន្យានឹងបញ្ជូនអ្នកជំនាញ មកសិក្សាប្លង់មេសម្រាប់អភិវឌ្ឍន៍ វិស័យទេសចរណ៍ ក្នុងគោលបំណងពង្រីក តំបន់ទេសចេណ៍ ដើម្បីឲ្យការស្នាក់នៅ នឹងទស្សនាកំសាន្ត របស់ភ្ញៀវទេសចរ នៅខេត្តសៀមរាប ឲ្យមានរយៈពេលយូរជាងមុន។

លើសពីនោះថែមទៀត លោកនឹងជម្រុញអ្នកវិនិយោគ ឲ្យមកបណ្តាក់ទុន និងអ្នកទេសចរណ៍ ឲ្យមកទស្សនានៅកម្ពុជា ជាពិសេសខេត្តសៀមរាប ឲ្យកាន់តែច្រើនឡើងថែមទៀត៕