Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានគណបក្សយុវជន គ្រោងស្នើសុំចូលសួរសុខទុក្ខ លោក គឹម សុខ នៅពន្ធនាគារព្រៃស ថ្ងៃទី១២ ខែមេសា

28-03-2017 13:58

(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា គ្រោងនឹងស្នើទៅក្រសួងមហាផ្ទៃ ដើម្បីចូលសួរសុខទុក្ខ លោក គឹម សុខ នៅក្នុងពន្ធនាគារព្រៃស នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ ខាងមុខនេះ។ នេះបើតាមការប្រកាសរបស់ លោក ពេជ្រ ស្រស់ នៅលើបណ្តាញសង្គម Facebook នាព្រឹកថ្ងៃទី២៨ ខែមីនានេះ។

លោក ពេជ្រ ស្រស់ បានលើកឡើង នៅលើកឡើងថា «ទោះបីជាខ្ញុំបានស្គាល់លោក គឹម សុខ បានតែរយៈពេល មួយម៉ោងក៏ដោយ ប៉ុន្តែខ្ញុំកោតសរសើរចំពោះភាពក្លាហាន របស់លោកដែលហ៊ាននិយាយចំៗ ចំពោះព្រឹត្តការណ៍សង្គមនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន»

លោក គឹម សុខ អ្នកវិភាគនយោបាយ និងសង្គមនៅកម្ពុជា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមការចោទប្រកាន់ ចំនួន២បទល្មើសគឺបទ «ញុះញង់ឱ្យ ប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ ជាសាធារណៈ» បន្ទាប់ពីលោកចូលខ្លួនឆ្លើយបំភ្លឺចំពោះករណីចោទថា គណបក្សប្រជាជនកម្ពុជា សម្លាប់លោក កែម ឡី។

លោក គឹម សុខ ត្រូវបានមេធាវីសម្តេចតេជោ ហ៊ុន សែន ដាក់ពាក្យប្តឹងកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ បន្ទាប់ពីលោកនិយាយចោទប្រកាន់គណបក្សប្រជាជនកម្ពុជាបែបនេះ នៅក្នុងវេទិកាមួយរបស់វិទ្យុអាស៊ីសេរី។ លោក គឹម សុខ ក៏ត្រូវបានប្តឹងមួយករណីទៀត ចំពោះការចោទ រាជរដ្ឋាភិបាលកម្ពុជា រៀបចំប្រព័ន្ធមួយដើម្បីសម្លាប់មនុស្ស ហើយរកមុខឃាតកមិនឃើញ៕