អភិបាលខេត្តកំពង់ស្ពឺ៖ នៅចុងខែមីនា សំណង់វិមានឯករាជ្យ និងសមិទ្ធិផលយ៉ាងច្រើន នឹងបង្ហាញវត្តមាននៅកណ្តាលទីរួមខេត្ត
21-03-2017 10:21
(កំពង់ស្ពឺ)៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានថ្លែងឲ្យដឹងថា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ រដ្ឋបាលខេត្តនឹងដាក់ឲ្យដំណើរការ សំណង់វិមានឯករាជ្យ ព្រមទាំងសមិទ្ធិផលយ៉ាងច្រើន នៅកណ្តាលទីរួមខេត្តតែម្តង ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងសម្រស់ខេត្តកំពង់ស្ពឺ ដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកលេងកំសាន្ត និងធ្វើដំណើរឆ្លងកាត់។
ថ្លែងនៅក្នុងកិច្ចប្រជុំមួយនាថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ លោក វ៉ី សំណាង បានបញ្ជាក់ថា «ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់វិមានសំណង់ឯករាជ្យ ខាងមុខនេះ នឹងត្រូវធ្វើឡើងក្រោមវត្តមានលោក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា» ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មេបញ្ជាការ កងកម្លាំងទាំង៣ អភិបាល អភិបាលរង ក្រុង-ស្រុក តំណាងទីចាត់ការ អង្គភាព និងការិយាល័យចំណុះសាលាខេត្ត ព្រមទាំងប្រជាពលរដ្ឋប្រមាណ៥០០០នាក់ផងដែរ។
យោងតាមរបាយការណ៍របស់សាលាខេត្តកំពង់ស្ពឺ បានបង្ហាញថា សំណង់វិមានឯករាជ្យដែលបានសាងសង់នេះ មានកម្ពស់១៩.៥៣ម៉ែត្រ បាទក្រោម ៣៤.៥០ម៉ែត្រ ហើយក៏មានសំណង់វេទិកាអុំទូក និងសមិទ្ធិផលនានារបស់ខេត្តជាច្រើនផងដែរ។
បើតាមលោកអភិបាលខេត្ត កម្មវិធីនេះក៏មានការបាញ់កាំជ្រួចអបអរខ្នាតធំ ដូចការបាញ់នៅមុខព្រះបរមរាជវាំង ជូនបងប្អូនប្រជាពលរដ្ឋទស្សនាកំសាន្ត នាពេលរាត្រីផងដែរ៕