Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងអាវុធហត្ថ ចុះបង្ក្រាបទីតាំងជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានវត្ថុតាងមួយចំនួនធំ

20-03-2017 14:30

(ពោធិ៍សាត់)៖ កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ បានធ្វើការចុះបង្ក្រាបទីតាំងជួយដូរគ្រឿងញៀនមួយកន្លែង ស្ថិតនៅ​ចំណុចក្នុងភូមិឆ្លងកាត់ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ និងដកហូតបានវត្ថុ​តាង​មួយចំនួនធំ។

ការចុះបង្ក្រាបខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ ដោយមានការចូលរួម កម្លាំងអាវុធ​ហត្ថក្រុង-ខេត្ត​ពោធិ៍សាត់ និងកម្លាំងអាវុធហត្ថខេត្តបាត់ដំបងចំនួន១៥នាក់ រថយន្ត៣គ្រឿង ម៉ូតូ២គ្រឿង អាវុធ៦ដើម វិទ្ហុទាក់ទង៤គ្រឿង និងបានសហការជាមួយ កម្លាំងចំរុះ ដោយមានការសំរបសំរួល ពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តពោធិ៍សាត់។

លោក ឡាយ វិទូ មេបញ្ជាការរងអាវុធហត្ថខេត្ត បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សាង មុន្នីរតន៌ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ដកហូតបានវត្ថុតាងរួមមាន៖ លុយ៥,១៨៥,៥០០រៀល លុយដុល្លារ៤០ដុល្លារ លុយបាត៣១០បាត ទូរស័ព្ទដៃចំនួន៥គ្រឿង ស្លាកលេខរថយន្ត០៤បន្ទះ ស្លាកលេខម៉ូតូ០១បន្ទះ ម៉ាស៊ីនសំរាប់ផ្ទុកទិន្នន័យកាម៉ារ៉ាសុវត្ថិភាព០១គ្រឿង ម្សៅក្រាមពណ៌ស៣កញ្ចប់ធំ៤៤.៣៨ក្រាម ជញ្ជីងសំរាប់ថ្លឹងគ្រឿង​ញៀន០១ ស្លាបព្រា២ ដែកកេះ៣ ថង់ផ្លាស្ទិក១ចំនួន ឈើចំរុះ១ចំនួន។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងខាងលើនេះ ត្រូវបានបញ្ជូនឲ្យកម្លាំងកងអាវុធហត្ថខេត្តបាត់ដំបង ដើម្បីចាប់ការតាម​និតិវិធីច្បាប់ ដោយឡែកឈើ ត្រូវបានប្រគល់ជូនរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់៕