Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សប្បាយក្លាយជាទុក្ខ! ភ្ញៀវកូនក្រមុំ និងកូនកំលោះ ផ្ទុះហិង្សាទាញកែវ និងចានគប់គ្នាយ៉ាងអនាធិបតេយ្យ ពេលរាំវង់បណ្តាលឲ្យរបួស៥នាក់ នៅខេត្តកំពត

17-03-2017 18:31

(កំពត)៖ សប្បាយក្លាយជាទុក្ខ! ភ្ញៀវខាងកូនក្រមុំ និងកំលោះដែលម្ខាងៗ មានរាប់សិបនាក់ បានផ្ទុះហិង្សារហូតទាញកែវ និងចានដេញគប់គ្នា យ៉ាងអនាធិបតេយ្យ ដោយសារមានជម្លោះពេលរាំវង់ នៃពិធីមង្គលការមួយ ស្ថិតនៅភូមិត្រពាំងជ្រៃ ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។

អំពើហិង្សានេះបានបង្កឲ្យមានការភ្ញាក់ផ្អើល និងភ្ញៀវរត់ជាន់ជើងគ្នានៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ ជាលទ្ធផល បណ្តាលឲ្យភ្ញៀវកូនកំលោះចំនួន៥ នាក់រងរបួសបែកក្បាលយ៉ាងធ្ងន់ធ្ងរផងដែរ។

មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា មានករណីផ្ទុះអំពើហិង្សាដោយចេតនា លក្ខណៈជាក្រុមម្ខាងៗមានគ្នាជាង៥០នាក់ រវាងភ្ញៀវខាងកូនក្រមុំ និងកូនកំលោះ បណ្តាលឲ្យខាងគាគីកូនកំលោះ រងរបួសយ៉ាងហោចណាស់៥នាក់។

មន្រ្តីនគរបាលបានបន្តទៀតថា «ករណីខាងលើកើតឡើង ដោយសារទំនាស់គ្នាពេលកំពុងរាំ ដោយភាគីម្ខាងៗ មានគ្នាច្រើនដូចគ្នា គឺប្រហែល៥០នាក់ឡើង ហើយពេលផ្ទុះអំពើហិង្សា ពួកគេបានយកកែវ និងចានគប់​ដាក់គ្នាទៅវិញទៅមក។ ខណៈកើតហេតុនោះ កម្លាំងសមត្ថកិច្ចយើងមានគ្នាតិច មិនអាចគ្រប់គ្រងសភាពការណ៍បាន ទើបសុំកម្លាំងអន្តរាគមន៍ពីស្រុក ទៅដល់កន្លែងកើតហេតុ ហើយសភាពការណ៍ក៏បានស្ងប់ស្ងាត់ទៅវិញ»

យ៉ាងណាក៏ដោយ ក្រោយហេតុការណ៍សមត្ថកិច្ច ពុំទាន់ដឹងហេតុផលពិតយ៉ាងណានោះទេ ដោយជួយសង្រ្គោះអ្នករបួស យកមកពេទ្យសិន ហើយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧នេះ កម្លាំងជំនាញកំពុងអង្កេតស្រាវជ្រាវរកហេតុផលឲ្យ បានច្បាស់លាស់ បន្ថែមទៀត។

បើតាមមន្រ្តីនគរបាល ភាគីទាំងពីររងរបួសដូចគ្នា ប៉ុន្តែគេដឹងច្បាស់ថា ភាគីភ្ញៀវខាងកូនកំលោះរបួស៥នាក់មាន៖ ១៖​ឈ្មោះ សម្បត្តិ ដារ៉ូ អាយុ២៣ឆ្នាំ រស់នៅ ភូមិឃ្លាំងខាងជើង ឃុំភ្នំប្រាសាទ ២៖ឈ្មោះ ខន អៀន អាយុ៣៦ឆ្នាំ ៣៖ឈ្មោះ ខន អិន អាយុ២៧ឆ្នាំ ៤៖ឈ្មោះ ខន អន អាយុ៣២ឆ្នាំ អ្នកទាំងបី រស់នៅភូមិអូរពពូល ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត និង៥៖ឈ្មោះ ខុន សេង អាយុ២៦ឆ្នាំ រស់នៅភូមិព្រៃកឹក ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត៕