Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការក្រុងភ្នំពេញ កំពុងបើកសវនាការកាត់ទោស លោក សម រង្ស៊ី ករណីចោទរដ្ឋាភិបាលសម្លាប់ លោក កែម ឡី

17-03-2017 10:06

(ភ្នំពេញ)៖ នៅវេលាម៉ោង១០៖០០ព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧នេះ សាលាដំបូងរាជធានីភ្នំពេញ បាន និងកំពុងបើកសវនាការកាត់ទោស លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ចំពោះករណីចោទរាជរដ្ឋាភិបាលថា បានរៀបចំឃាតកម្មលើ លោក កែម ឡី អ្នកវិភាគនយោបាយ និងសង្គម។ នេះបើតាមការឱ្យដឹងដោយ លោក គី តិច មេធាវីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

កាលពីដើមខែសីហា ឆ្នាំ២០១៦ លោក គី តិច មេធាវីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចដាក់ពាក្យប្តឹង លោក សម រង្ស៊ី ចំពោះករណីចោទរាជរដ្ឋាភិបាលថា បានរៀបចំឃាតកម្មលើ លោក កែម ឡី។ ក្រៅពីប្តឹង លោក សម រង្ស៊ី នាពេលនោះ លោកមេធាវី ក៏បានដាក់ពាក្យប្តឹង លោកស្រី ថាក់ ឡានី ចំពោះការចោទថា សម្តេចតេជោ ហ៊ុន សែន សម្លាប់លោក កែម ឡី ផងដែរ។

ក្នុង​ពាក្យ​បណ្ដឹង​ដែល​បោះ​ត្រា​ទទួលដោយ​​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១​ ខែ​សីហា​នោះ​ លោក​ គី​ តិច​ មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេជោ​ បញ្ជាក់​ថា​ កាលពី​ថ្ងៃទី​១០​ ខែ​កក្កដា​ ឆ្នាំ​២០១៦​ ឈ្មោះ​ សម​ រង្ស៊ី​ បាន​សរសេរ​នៅ​ទំព័រ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ហ្វេសប៊ុក​ ផ្លូវ​ការ​របស់​ខ្លួន​ថា​ «ការ​បាញ់​សម្លាប់​លោក​ កែម​ ឡី​ ថ្ងៃ​នេះ​ ជា​អំពើ​ភេរវកម្ម​មួយ​ទៀត​រៀបចំ​ឡើង​ដោយ​រដ្ឋអំណាច​ និង​ បាន​ធ្វើ​កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ី​សេរី​ កាលពី​ថ្ងៃទី​២៣​ ខែ​កក្កដា​ ឆ្នាំ​២០១៦​ បញ្ជាក់​និង​ចោទ​ប្រកាន់​ដដែល​ៗ​ ដែលនាំ​​ឲ្យ​មហាជន​និយម​ប្រើប្រាស់​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម​ហ្វេសប៊ុក​ បាន​ធ្វើ​ការ​ចែករំលែក​និង​បញ្ចេញ​មតិ​ថ្កោលទោស​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា»

សូមបញ្ជាក់ថា ចំពោះករណីចោទសម្តេចតេជោ ហ៊ុន សែន សម្លាប់លោក កែម ឡីនេះ កាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញ ក៏បានសម្រេចផ្តន្ទាទោស លោកស្រី ថាក់ ឡានី សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម​ រង្ស៊ី ដាក់​ពន្ធនាគារ​១ឆ្នាំ​៦ខែ​ និង​ពិន័យ​៨លាន​រៀល​ ព្រម​ទាំង​បង្គាប់ឱ្យសងសំណង​ជំងឺ​ចិត្ត​ដល់​ដើម​បណ្ដឹង​ចំនួន​១០០រៀល​។ សាលក្រម​នេះ​ក៏​បង្គាប់​ឲ្យ​ចាប់​ខ្លួន​និង​ឃុំ​ខ្លួន​អ្នក​ស្រី​ ថាក់​ ឡានី​ ថែមទៀត៕