Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីកាំកុងត្រូល អាកាសយានដ្ឋាន​អន្តរ​ជាតិភ្នំពេញ​ បន្តយុទ្ធនា​ការចុះ​ត្រួត​ពិនិត្យ​​នៅតាម​ផ្សារ តែរកមិន​ឃើញ​ទំនិញខូច​គុណភាព និងមាន​​សារធាតុគីមី

15-03-2017 12:38

(ភ្នំពេញ)៖ មន្រ្តីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ បានបន្តយុទ្ធនាការចុះត្រួតពិនិត្យ ដែលដាក់តាំងលក់នៅផ្សារចំនួន២ នៅក្នុងទឹក​ដីខណ្ឌពោធិ៍សែនជ័យ គឺផ្សារជម្ពូវ័ន្ត និងផ្សារចោមចៅ តបតាមការណែនាំពីលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម។

លោក ទិត សុខហ៊ីម អនុប្រធានសាខាកាំកុងត្រូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបញ្ជាក់ថា បន្ទាប់ពីចុះត្រួតពិនិត្យរួចមក មន្រ្តីរបស់លោករកមិនឃើញទំនិញ​ដែល​ខូច​គុណភាព និងហួសកាលបរិច្ឆេទនោះទេ។

លោកថា មូលហេតុដែលរកមិនឃើញនោះ ដោយសារតែក្រុមអាជីវករទាំងឡាយមានការយល់ដឹងច្រើនលើមុខទំនិញ នៅពេលដែលពួកគេយកមកដាក់លក់។

ជាមួយគ្នានេះ លោកអនុប្រធាន ក៏បានអំពាវនាវដល់ក្រុមអាជីវករ និងប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ លើការលក់ និងទិញទំនិញដើម្បីចូលរួមការពារ​សុវត្ថិភាព​ចំណីអាហារ ព្រមទាំងការចូលរួមថែរក្សាសុខភាពពលរដ្ឋទាំងអស់គ្នា៕