Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ៊ុន ម៉ាណែត៖ យុវជនជាកម្លាំងរួមរបស់បក្ស ដូច្នេះត្រូវស្វែងយល់ពីបក្ស ស្រឡាញ់បក្ស និងក្លាហានការពារបក្សជានិច្ច

11-03-2017 18:24

(ស្វាយរៀង)៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារយុវជនថ្នាក់កណ្តាល បានលើកឡើងឲ្យដឹងថា យុវជនគឺជាកម្លាំងរួមរបស់បក្ស ដូច្នេះយុវជនត្រូវស្វែងយល់ពីបក្ស ស្រឡាញ់បក្ស មានភាពក្លាហាន ការពារបក្ស និងជាឃោសនិករបស់បក្ស ដើម្បីបង្ហាញពីស្នាដៃសមិទ្ធិផល និងគុណសម្បត្តិរបស់បក្សជូនដល់ប្រជាជន។ លោក ហ៊ុន ម៉ាណែត បានស្នើឲ្យយុវជនបន្តជឿជាក់លើបក្ស បន្តចូលរួមបង្កើនប្រៀបឈ្នះ និងបន្តចូលរួមថែរក្សាលំនឹង សុខសន្តិភាព និងបម្រើប្រជាជន។

លោក ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងនៅក្នុងពិធីសំណេះសំណាល និងប្រកាសទទួលស្គាល់ក្រុមការងារយុវជន សកម្មជន សមាជិកគណបក្សប្រជាជនកម្ពុជា នៅខេត្តស្វាយរៀងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧។

លោក ហ៊ុន ម៉ាណែត បានថ្លែងអរគុណដល់ ក្រុមការងារយុវជន សកម្មជន យុវជន ដែលបានចូលរួមធ្វើសកម្មភាពជាច្រើននាពេលកន្លងមក ដើម្បីបម្រើប្រជាជន និងសូមអរគុណយុវជន ដែលបានចូលរួមដោយស្ម័គ្រចិត្តជាមួយគណបក្សប្រជាជនកម្ពុជា ព្រោះថា សម័យនេះយើង ប្រកាន់របបប្រជាធិនតេយ្យ បងប្អូនយុវជនមានសិទ្ធិជ្រើសរើសគណបក្ស ដែលខ្លួនស្រឡាញ់ និងបានអបអរសាទរយុវជនទាំងអស់ ដែលបានចូលជាសមាជិក និងទទួលស្គាល់ដោយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្ស ដែលធំជាងគេមានស្នាដៃកសាងសមិទ្ធិផលច្រើនជាងគេ និងដឹកនាំប្រទេសប្រកបដោយការទទួលខុសត្រូវ។

សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារយុវជនថ្នាក់កណ្តាល បានប្រាប់ថា «សកម្មភាពទាំងនេះ គឺជាមោទនភាព និងកិត្តិយសរបស់យុវជន នៅក្នុងការការពារសុខសន្តិភាព ស្ថេរភាព កសាងប្រទេសជាតិ ឲ្យមានរីកចម្រើន និងចូលរួមបម្រើប្រជាពលរដ្ឋ ព្រោះយុវជនគឺជាកម្លាំងរួមរបស់បក្ស។ យុវជនជំនាន់មុនបានកសាង និងបន្សល់ទុកនូវស្នាដៃជាច្រើន ផ្តល់ឱកាសសម្រាប់យុវជន ជំនាន់នេះ ហើយយុវជនជំនាន់នេះ មានកិត្តិយស មានឱកាស ជាច្រើន មានជម្រើសនិងក្តីសង្ឃឹម ក្នុងការចូលរួមរក្សាការពារសុខសន្តិភាព សមិទ្ធិផលដែលយុវជនជំនាន់មុនបន្សល់ទុកឱ្យ និងបន្តចូលរួមកសាងប្រទេសបន្ថែមទៀតសម្រាប់កូនចៅជំនាន់ក្រោយៗ»។

លោក ហ៊ុន ម៉ាណែត បន្តថា គណបក្សប្រជាជនកម្ពុជា មានគុណបំណាច់សម្រាប់ប្រជាជននិងប្រទេសជាតិ។ ដូច្នេះយុវជន ទាំងអស់ របស់គណបក្ស ត្រូវប្រកាន់គុណធម៌ សីលធម៌ ទឹកចិត្ត និងឆន្ទៈ កសាងអំពើល្អ​និងបម្រើប្រជាជនតាមគ្រប់រូបភាព។ តាមពិតរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ លើយុវជនមិនមែនត្រឹមតែពេលយុវជនពេញវ័យនោះទេ ប៉ុន្តែរាជរដ្ឋាភិបាលបាន ផ្តល់ឱកាសដល់យុវជនតាំងពីពេលចាប់កំណើតមកម្លេះ ដូចជាការយកចិត្តទុក្ខចំពោះសុខភាពមាតា និងទារកការបង្កឱកាស ឱ្យយុវជនបានសិក្សារៀនសូត្រតាំងពីថ្នាក់មត្តេយ្យ រហូតដល់យុវជនមានឱកាសបន្តការរៀនសូត្រ គ្រប់កំរិតទាំង ក្នុងប្រទេស និងក្រៅប្រទេស៕