រថយន្តអ្នកយកព័ត៌មានទូរទស្សន៍បាយ័ន ត្រូវរថយន្តទាហានស្លាកលេខ ខេមរភូមិន្ទ 02-37052 បើកបុកនិងកៀរ បណ្តាលឲ្យរងការ ខូចខាតយ៉ាងធ្ងន់ធ្ងរ តែមិនទទួលខុសត្រូវ
10-03-2017 15:32
(ភ្នំពេញ)៖ រថយន្តមួយគ្រឿងរបស់កញ្ញា ឈិត បូរ៉ាវី អ្នកយកព័ត៌មាន ឲ្យស្ថានីយ៍ទូរទស្សន៍បាយ័ន បានរងការខូចខាតមួយចំហៀង យ៉ាងធ្ងន់ធ្ងរ ដោយសារតែរថយន្តដឹកមន្រ្តីយោធាមួយក្រុម ពាក់ស្លាកលេខខេមរភូមិន្ទ 02-37052 បើកបុក និងកៀរខណៈកញ្ញាកំពុង បើកចេញពីក្រសួងការងារ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី នៅវេលាថ្ងៃត្រង់ទី១០ ខែមីនា ឆ្នាំ២០១៧នេះ។
កញ្ញា ឈិត បូរ៉ាវី ដែលជាកូនស្រីរបស់លោកតា ឈិន សារឹម គ្រូប្រដាល់សេរីផងនោះបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុនោះ ខណៈកញ្ញាកំពុងបើកចេញពីក្រសួងការងារ ដើម្បីយកព័ត៌មាន ស្រាប់តែត្រូវរថយន្តខាងលើរបស់យោធា មិនដឹងនៅកងពលណា បានបើកបុករថយន្តរបស់ខ្លួន។
ភ្លាមៗនោះ កញ្ញាបានបើកដេញតាមដើម្បីសុំឲ្យឈប់ធ្វើការដោះស្រាយ ស្រាប់តែរថយន្តបង្កមិនបានឈប់នោះទេ ហើយថែមទាំងបាន បើកកៀរទៀតផង។
ដោយសារតែខ្លួនជាស្រី និងមានការភ័យខ្លាចផងនោះ នាងក៏មិនបានបើកដេញតាមតទៅទៀត រួចបានទៅដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសុំឲ្យជួយដោះស្រាយ៕