Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តពោធិ៍សាត់ សុំឲ្យក្រសួងធនធានទឹក ពន្លឿនគម្រោងទំបន់បង្ហៀរក្បាលហុង ប្រយោជន៍អាចរំដោះទឹកចេញពីទីរួមខេត្ត

09-03-2017 15:44

(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន នាពេលថ្មីៗនេះ បានស្នើសុំឲ្យក្រសួងធនធានទឹក និងឧតុនិយម សហការពន្លឿនគម្រោងទំបន់បង្ហៀរក្បាលហុង ស្របពេលដែលប្រជាពលរដ្ឋ បាននិងកំពុងទន្ទឹងរង់ចាំ ការប្រែមុខមាត់ពីស្ពានក្បាលហុងចាស់ទ្រុឌទ្រោម ទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុត ចំកណ្តាលក្រុងពោធិ៍សាត់ ដោយមានស្ពានយោល និងទំនប់បង្ហៀរ ដែលអាចរំដោះទឹកជំនន់ចេញពីក្រុងពោធិ៍សាត់ បានយ៉ាងងាយស្រួល ជាពិសេសអាចទប់ទឹកក្នុងរដូវប្រាំង សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ទៅដល់បងប្អូនប្រជាកសិករ និងបម្រើដល់វិស័យទេសចរណ៍ផងដែរ។

ការស្នើសុំរបស់លោក ម៉ៅ ធនិន ធ្វើឡើងក្នុងឱកាសលោក អញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការគ្រប់គ្រងអាងស្ទឹងពោធិ៍សាត់គំរូ ដែលរៀបចំនៅសាលប្រជុំសណ្ឋាគារខេអឹម KM Hotel Meeting Room ដោយបានការចូលរួមពី លោក ប៊ុន ហាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម Mr. TANAKA Kotaro (Senior Representative of JICA Cambodia Office) ព្រមទាំងអស់លោក លោកស្រី ជាសមាជិក សមាជិកា ក្នុងគណៈកម្មាធិការជាច្រើននាក់ទៀត។

គួរបញ្ជាក់ថា នេះជាលើកទី២ហើយ បន្ទាប់ពីកិច្ចប្រជុំលើកទី១ ត្រូវបានធ្វើឡើងកាលពីចុងខែកក្កដា ឆ្នាំ២០១៦ ក្នុងគោលបំណងឲ្យគ្រប់សមាជិកទាំងអស់ របស់គណៈកម្មាធិការខេត្តគ្រប់គ្រងអាស្ទឹងគំរូ និងលេខាធិការដ្ឋានរបស់ខ្លួន ធ្វើការជួបជុំគ្នា ដើម្បីធ្វើការចែករំលែក និងពិភាក្សាពីស្ថានភាពបញ្ហាប្រឈម និងដំណោះស្រាយ នាពេលបច្ចុប្បន្ន ទាន់ទងនឹងការប្រើប្រាស់ធនធានទឹក នៅតាមអាងស្ទឹង៕