Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកជំនាញ​៖ សហរដ្ឋអាមេរិក ត្រូវការជម្លោះឧបទ្វីបកូរ៉េ ដើម្បីបញ្ជាក់ពីភាពចាំបាច់ នៃវត្តមានយោធារបស់ខ្លួននៅអាស៊ី

07-03-2017 21:20

(មូស្គូ)៖ សហរដ្ឋអាមេរិក ហាក់ដូចជាកំពុងទាញយកប្រយោជន៍ ពីភាពតានតឹងនៅក្នុងតំបន់ឧបទ្វីបកូរ៉េ ហើយក៏មិនមានឆន្ទៈពិតប្រាកដដើម្បីដោះស្រាយ ជម្លោះឬក៏ការគំរាមកំហែងពីសំណាក់មីស៊ីលផ្លោងកូរ៉េខាងជើងនោះដែរ ត្បិតទីក្រុងវ៉ាស៊ីនតោន ចង់ប្រើជម្លោះបច្ចុប្បន្ន បង្ហាញពីភាពចាំបាច់នៃការរក្សាវត្តមាន យោធារបស់ខ្លួននៅកូរ៉េខាងត្បូង និងជប៉ុន។ នេះបើតាមអ្នកវិភាគនយោបាយរុស្ស៊ី លោក Alexei Fenenko ដកស្រង់ដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០១៧។

ការលើកឡើងបែបនេះរបស់លោក Alexei Fenenko ធ្វើឡើងបន្ទាប់ពីទីក្រុងសេអ៊ូល និងទីក្រុងវ៉ាសីនតោន បានចាប់ផ្ដើមនីតិវិធី ដាក់ពង្រាយប្រព័ន្ធការពារ មីស៊ីល THAAD នៅលើទឹកដីកូរ៉េខាងត្បូង។ លោក Alexei នៅក្នុងបទសម្ភាសន៍ជាមួយ Sputnik បានគូសបញ្ជាក់ដូច្នេះថា៖ «សហរដ្ឋអាមេរិក កំពុងព្យាយាម សម្រេចកិច្ចការជាច្រើននៅអាស៊ី។ ជាដំបូងទីក្រុងវ៉ាស៊ីនតោន ចង់ឱ្យស្ថានភាពតំបន់ឧបទ្វីបកូរ៉េបន្តតានតឹង រីឯកូរ៉េខាងជើងចេះតែបង្ករឿង ឬក៏បាញ់សាកល្បង មីស៊ីលផ្លោងជាបន្តបន្ទាប់ ដើម្បីអាចឱ្យខ្លួនប្រើលេសនេះ បញ្ជាក់ពីភាពត្រឹមត្រូវ និងចាំបាច់នៃវត្តមានយោធាអាមេរិកនៅអាស៊ី។ ជាក់ស្ដែងគ្រាន់តែកូរ៉េខាង ជើងបាញ់សាកល្បងមីស៊ីលកាលថ្ងៃចន្ទ ទីក្រុងវ៉ាស៊ីនតោន បានប្រើវាជាសំអាងទៅហើយ ក្នុងការពន្លឿនការដាក់ពង្រាយ THAAD នៅលើទឹកដីកូរ៉េខាងត្បូង បើទោះជាមានការជំទាស់ពីចិនក៏ដោយ»

គួរបញ្ជាក់ថា បើតាមលោក Alexei Fenenko កូរ៉េខាងត្បូងផ្ទាល់ក៏មិនបានចូលរួមចំណែកគ្រប់គ្រាន់ ធ្វើឱ្យស្ថានភាពលើតំបន់ឧបទ្វីបកូរ៉េ ប្រសើរឡើងនោះទេ ក៏ប៉ុន្តែបែរជាធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ជាងមុនទៅទៀត តាមរយៈការធ្វើសមុយទ្ធយោធាជាមួយសហរដ្ឋអាមេរិក។ មិនតែប៉ុណ្ណោះ ពួកគេក៏បានហ្វឹកហាត់ ផងដែរនៅក្នុងប្រតិបត្តិការវាយយកទីក្រុងព្យុងយ៉ាង សម្លាប់លោកគីម ជុងអ៊ុន និងបំផ្លាញមូលដ្ឋានយោធារបស់កូរ៉េខាងជើង ដែលទំាងនេះជាហេតុផលជំរុញ ឱ្យកូរ៉េខាងជើងប្រើវាជាលេស អភិវឌ្ឍសមត្ថភាពយោធា និងបាញ់សាកល្បងមីស៊ីល ឬអាវុធនុយក្លេអ៊ែរ៕