ថ្នាក់ដឹកនាំខេត្តព្រះវិហារ ប្រារព្វពិធីទិវាជាតិទីក្រុងស្អាតលើកទី៥ ឆ្នាំ២០១៧ ក្រោមប្រធានបទ «ទីក្រុងស្អាតទីក្រុង ផ្តល់ភាពកក់ក្តៅ ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ»
07-03-2017 14:20
(ព្រះវិហារ)៖ លោក លី សារ៉ារឹទ្ធ អភិបាលរងខេត្តតំណាង លោក អ៊ុន ចាន់ដា អភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងក្រុមយុវជន យ៉ាងច្រើនកុះករ បានរៀបចំទិវាជាតិទីក្រុងស្អាតលើកទី៥ ឆ្នាំ២០១៧ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ នៅខេត្តព្រះវិហារ។
ទិវាជាតិទីក្រុងស្អាតលើកទី៥ ឆ្នាំ២០១៧ បានធ្វើឡើង ក្រោមប្រធានបទ «ទីក្រុងស្អាតទីក្រុង ផ្តល់ភាពកក់ក្តៅ ដល់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរ»។
នៅក្នុងពិធីនោះ លោក លី សារ៉ារឹទ្ធ បានថ្លែងថា ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍ យ៉ាងឆាប់រហ័សលើគ្រប់វិស័យ។
ដោយឡែក ខេត្តព្រះវិហាររបស់យើង ក៏មានការអភិវឌ្ឍន៍ គួរឲ្យកត់សម្គាល់ផងដែរ ដែលកត្តានេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីការខិតខំប្រឹងប្រែង របស់អជ្ញាធរខេត្ត ដែលមានលោក អ៊ុន ចាន់ដា ជាអភិបាលខេត្ត រួមជាមួយមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក៏ដូចជាប្រជាពលរដ្ឋយើងផងដែរ។
លោក លី សារ៉ារឹទ្ធ បានឲ្យដឹងថា ដើម្បីឲ្យខេត្តរបស់យើងក្លាយជាខេត្តដែលទាក់ទាញនូវភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យ ចូលមកកំសាន្ត ឲ្យកាន់តែច្រើនថែមទៀត យើងទាំងអស់គ្នាត្រូវតែខិតខំសម្អាតអនាម័យ បរិស្ថានតាមតំបន់ទេសចរ និង ទីសាធារណៈ នានាឲ្យបានស្អាត និងក្នុងទិសដៅឲ្យខេត្តរបស់យើង បានជាប់ចំណាត់ថ្នាក់ល្អ ក្នុងការចូលរួមប្រឡងប្រណាំងទីក្រុងស្អាត ទូទាំងប្រទេសនៅឆ្នាំ២០១៨ខាងមុខនេះ៕