Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សភាពាណិជ្ជកម្មខេត្តតៃស៊ូថ ប្រទេសចិន មានឆន្ទៈចង់បង្កើតវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅកម្ពុជា

27-02-2017 22:37

(ភ្នំពេញ)៖ សភាពាណិជ្ជកម្មខេត្តតៃស៊ូថ របស់ប្រទេសចិនប្រចាំនៅកម្ពុជា បានបង្ហាញពីឆន្ទៈរបស់ខ្លួនប្រាប់ដល់ រាជរដ្ឋាភិបាលកម្ពុជា អំពីគោលបំណងចង់បង្កើតវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅកម្ពុជា ដើម្បីបណ្ដុះបណ្ដាលជំនាញដល់សិស្សនិសិ្សតកម្ពុជា សំដៅទៅសម្រេចបានគោលនយោបាយ នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាង កម្ពុជា-ចិន។

ការបញ្ជាក់នេះ ត្រូវបានលើកឡើងក្នុងជួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងលោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយគណៈប្រតិភូចិន ដឹកនាំដោយលោក Zhang Hailong ប្រធានសភាពាណិជ្ជកម្មខេត្តតៃស៊ូថ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដើម្បីពិភាក្សាអំពីលទ្ធភាព នៃកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។

ក្រោយបញ្ចប់ជំនួប លោករដ្ឋមន្រ្តី អ៉ិត សំហេង បានថ្លែងប្រាប់អ្នកសារព័ត៌មានថា «នៅក្នុងជំនួបនេះ ភាគីចិនបានសម្ដែងអំពីចំណាប់អារម្មណ៍ ក្នុងការបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ» ស្របទៅតាមគោលនយោបាយ នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ជាពិសេសដើម្បីសម្រេចតាមគោលនយោបាយ «វិថីមួយខ្សែក្រវ៉ាត់មួយ» របស់រដ្ឋាភិបាលចិន។

លោករដ្ឋមន្រ្តីបានបន្តថា ក្រោយបានដឹងពីគោលបំណងនេះច្បាស់ហើយ លោកបានគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះភាគីចិន ដោយបានចាត់ទុកថា គម្រោងនេះ មានសារសំខាន់ណាស់ សម្រាប់ជួយបង្កើនធនធានមនុស្សនៅកម្ពុជា ឱ្យកាន់តែមានចំណេះជំនាញខ្ពស់ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសស្របតាម គោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ និងគោលនយោបាយជាតិស្តីពី មុខរបរ និងការងារ ២០១៥-២០២៥៕