Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមចោរភ្ជង់ប្លន់ប្រជាពលរដ្ឋ​ពេលយប់ នៅក្រុង​ទេសចរណ៍​ព្រះសីហនុ យក​ទ្រព្យសម្បត្តិ ត្រូវកម្លាំង​នគរបាល​តាមបង្ក្រាប​បាន២នាក់

27-02-2017 21:41

(ព្រះសីហនុ)៖ កម្លាំងនគរបាលការិយាល័យកណ្តាល​ព្រហ្មទណ្ឌ សហការជាមួយ​កម្លាំងនគរបាល​ក្រុងព្រះសីហនុ នៅថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ក្រោយធ្វើ​សកម្មភាពប្លន់ ដោយប្រើកាំបិតចុងស្រួច ភ្ជង់ទៅ​លើនារីរងគ្រោះ ២នាក់ផ្សេងទៀត យកអស់ទូរស័ព្ទ លុយ និងរបស់របរមួយចំនួនទៀត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ​សាលាដំបូង​ខេត្តចាត់ការតាមនីតិវិធី។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់​បានធ្វើសកម្មភាព​ប្លន់ទៅលើពួកនាង កាលពីនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ យកអស់​ទូរស័ព្ទ​ដៃម៉ាក IPhone5s ១គ្រឿង ទូរស័ព្ទដៃម៉ាក IPhone5 ១គ្រឿង ទូរស័ព្ទចុចពិល១គ្រឿង អត្តសញ្ញាណប័ណ្ណ១សន្លឹក លុយខ្មែរ ១៣០,០០០រៀល លុយដុល្លារ ២០ដុល្លា កាតធនាគារ១សន្លឹក កាបូបស្ពាយ១។

លោកឧត្តមសេនីយ៍ស្នងការ បានបន្តថា ជនសង្ស័យមានគ្នា២នាក់ ម្នាក់ឈ្មោះ គង់ កីឡាកាស អាយុ១៨ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ជាជនដៃដល់ និងឈ្មោះ ង៉ែត ឡែន អាយុ៣១ឆ្នាំ មានទីលំនៅជាមួយគ្នា។

ចំណែកជនរងគ្រោះមានគ្នា២នាក់ដែរ​ម្នាក់ឈ្មោះ ខុំ ភាព អាយុ២៦ឆ្នាំ មានទីលំនៅក្រុម៤៧ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងឈ្មោះ ហែម ស្រីមុំ អាយុ២៥ឆ្នាំ នៅជាមួយគ្នា។

វត្ថុតាងដែលដកហូតបានពីជនសង្ស័យ រួមមាន ដាវមុខរណាចុងស្រួច ១ដើម ម៉ូតូម៉ាក JUPITER ១គ្រឿង ទូរស័ព្ទដៃម៉ាក អាយហ្វូនហ្វាយអេស១គ្រឿង ទូរស័ព្ទដៃម៉ាក អាយហ្វូនហ្វាយ១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងបន្តនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្ត៕