ខ្ចីម៉ូតូគេយកទៅលក់ជិត២ខែ ត្រូវម្ចាស់ម៉ូតូឃើញ ចាប់ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅ
23-02-2017 14:27
(ភ្នំពេញ)៖ ផឹកស៊ីជាមួយគ្នាស្រាប់តែខ្ចីម៉ូតូថា ទៅយកប្រពន្ធមួយភ្លែត បែរជាយកទៅលក់បាត់ជិត២ខែទៅហើយ តែត្រូវបានម្ចាស់ម៉ូតូឃើញ កាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅផ្លូវវេងស្រេង មុខផ្សារកាណាឌីយ៉ា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ចាប់ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅ ចាត់ការតាមផ្លូវច្បាប់។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ប៉ែន ភ័ក្រត្រា អាយុ១៩ឆ្នាំ មុខរបរព្រូឡាន រស់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ចំណែកម្ចាស់ម៉ូតូឈ្មោះ ចិន សាម៉ុន អាយុ២៣ឆ្នាំ មុខរបររោងចក្រ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ស្រុកកំណើត ភូមិបាក្រុង ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ម៉ូតូដែលគេយកនោះម៉ាក MSXពណ៌សលាយខ្មៅពាក់ស្លាកលេខភ្នំពេញ 1CO-6311។
ម្ចាស់ម៉ូតូបានបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ រូបគាត់បានផឹកស៊ីជាមួយមិត្តភក្តិមានគ្នា៤ទៅ៥នាក់ នៅហាងផឹកស៊ីមួយកន្លែង ជិត និងផ្សារកាណាស៊ីធី ដោយមានជនសង្ស័យ ចូលរួមជាមួយផងដែរ។ រូបគាត់ និងជនសង្ស័យទើបតែស្គាល់គ្នា ជាលើកទីមួយ ដោយស្គាល់តាមរយៈមិត្តភក្តិម្នាក់ទៀត ខណៈដែលកំពុងផឹកស៊ីស្រាប់តែជនសង្ស័យបានខ្ចីម៉ូតូ
រូបគេថា ទៅយកប្រពន្ធមួយភ្លែត គាត់ក៏យល់ព្រមឲ្យសោរម៉ូតូជិះចេញទៅបាត់ រហូតមិនត្រលប់មកវិញតាំងពីថ្ងៃកើតហេតុ រហូតមកដល់ថ្ងៃទី២២ ខែភុម្ភៈ ឆ្នាំ២០១៧នេះ ទើបដើរសុខៗក៏ជួបមុខជនសង្ស័យ ទើបចាប់ប្រគល់ឲ្យសមត្ថកិច្ចចាត់តាមផ្លូវច្បាប់តែម្តង៕