រយៈពេលជិត២ខែនេះ! អាជ្ញាធរខណ្ឌដូនពេញ បង្រ្កាបគ្រឿងញៀន៣០ករណី ឃាត់ខ្លួន៣៦នាក់ និងដកហូតថ្នាំញៀន៤៨៦កញ្ចប់
21-02-2017 12:39
(ភ្នំពេញ)៖ បន្ទាប់ពីលោក សុខ ពេញវុធ មកកាន់តំណែងជាអភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងអាជ្ញាធរខណ្ឌ ចុះបង្រ្កាបជាក់ស្តែង ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន៣០ករណី ក្នុងនោះករណីធំៗចំនួន៨ ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣៦នាក់ និងដកហូតគ្រឿងញៀនបានចំនួន៤៨៦កញ្ចប់ បើគិតក្នុងរយៈពេលជិត២ខែមកនេះ។
លោក សុខ ពេញ បានបញ្ជាក់ទៀតថា យុទ្ធនាការបង្រ្កាបគ្រឿងញៀននេះ នឹងធ្វើឡើងជាបន្តទៀតដើម្បីកាត់បន្ថយការជួញដូរ ក៏ដូចជា ការប្រើប្រាស់ថ្នាំញៀន នៅក្នុងមូលដ្ឋានខណ្ឌទាំងមូល ផ្អែកតាមគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព និងជាពិសេសផ្អែកតាមយុទ្ធនាការរបស់រាជរដ្ឋាភិបាល ដែលដាក់បញ្ជាឲ្យកម្លាំងអាជ្ញាធរ និងកងកម្លាំងទូទាំងប្រទេសបើកយុទ្ធនាការ រយៈពេល០៦ខែ ក្នុងឆ្នាំ២០១៧នេះ ដើម្បីបោសសំអាតករណីគ្រឿងញៀន។
លោកបញ្ជាក់ថា ជាក់ស្តែង ក្នុងរយៈជិត២ខែនេះ លោកបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះបង្រ្កាបនៅទីតាំងជួញដូរ និងប្រើប្រាស់គ្រឿងញៀន ជាលទ្ធផល បានចំនួន៦ករណីធំៗ ក្នុងចំណោម៣០ករណី ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៣៦នាក់ ព្រមទាំងដកហូតថ្នាំញៀន ជាក់ស្តែងចំនួន៤៨៦កញ្ចប់ មានទាំងជញ្ជីងថ្លឹង និងឧបករណ៍ប្រើប្រាស់មួយចំនួនធំផងដែរ។
ចំណែកឯក្រុមជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានបញ្ចូនទៅតុលាការ ចាក់ការតាមនីតិវិធីច្បាប់។
លោកអភិបាលខណ្ឌ បានបញ្ជាក់ថា យុទ្ធនាការក្នុងការចុះបង្រ្កាបគ្រឿងញៀននេះ និងបន្តធ្វើដូចភ្លៀងរលឹម ពោល គឺដើម្បីបោសសំអាតគ្រឿងញៀន ដែលស្ថិតនៅក្នុង ខណ្ឌដូនពេញនេះ៕