រថយន្តមន្ទីរពិសោធន៍ចល័ត ចុះត្រួតពិនិត្យគុណភាពទំនិញបរិភោគ៣៦មុខ នៅផ្សារត្រី ក្រុងប៉ោយប៉ែត តែរកមិនឃើញសារធាតុគីមី
20-02-2017 12:44
(បន្ទាយមានជ័យ)៖ រថយន្តមន្ទីរពិសោធន៍ចល័តរបស់មន្រ្តីកាំកុងត្រូល ត្រូវបាននាំយកទៅពិសោធន៍ទំនិញ ចំនួន៣៦មុខ នៅផ្សារត្រី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ប៉ុន្តែជាលទ្ធផល ត្រូវបានមន្រ្តីជំនាញអះអាងថា រកមិនឃើញសារធាតុគីមីនោះទេ។
ការនាំយករថយន្តមន្ទីរពិសោធន៍ទៅពិនិត្យទំនិញ បរិភោគទាំង៣៦មុខនេះ បានធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងកម្លាំងនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចខេត្ត ក្រោមការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
លោក ហុង លៀង ប្រធានការិយាល័យប្រមូលចំណូល និងទីផ្សារ បានឲ្យដឹងថា បន្ទាប់ពីយកទំនិញបរិភោគទាំង៣៦មុខ ទៅធ្វើការពិសោធន៍រួចមក ជាលទ្ធផលពុំរកឃើញសារធាតុគីមីនោះទេ ដែលទាំងនេះសរបញ្ជាក់ឲ្យឃើញថា បងប្អូនអាជីវករ ទាំងអស់មានការយល់ដឹងខ្ពស់ ចំពោះការលក់ដូរលផិតផល និងទំនិញប្រចាំថ្ងៃ។
បើតាមលោក ហុង លៀង យុទ្ធនាការចុះពិនិត្យទំនិញដាក់លក់នៅតាមទីផ្សារក្នុងខេត្ត នឹងធ្វើឡើងជាប្រចាំ ដើម្បីចូលរួមកាន់តែខ្លាំង ក្នុងការលើកកម្ពស់សុវត្ថិភាពចំណីអាហារជូនប្រជាពលរដ្ឋ៕