Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងទេសចរណ៍ បិទបញ្ចប់វគ្គបណ្ដុះបណ្ដាល​ដល់គ្រូបង្គោល លើជំនាញ​បដិសណ្ឋារកិច្ច និងសេវាទេសចរណ៍

17-02-2017 12:42

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានប្រារព្ធពិធីបិទ វគ្គបណ្តុះបណ្តាលគ្រូបង្គោលបដិសណ្ឋារកិច្ច និងសេវាកម្មម្ហូបអាហារ ភេសជ្ជៈ និងវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ច សេវកម្មបណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងរបស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

លោក ប៉ាក់ សុខុម បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងចូលរួមអភិវឌ្ឍន៍ និងពង្រឹងធនធានមនុស្សបម្រើឲ្យវិស័យទេសចរណ៍ សំដៅពង្រឹងសេវាកម្មទេសចរណ៍ ឲ្យកាន់តែប្រសើរទាំងចំណេះដឹង និងចំណេះធ្វើ នៅតាមបណ្ដាមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ។

ម្យ៉ាងទៀត ដើម្បីពង្រឹងសមត្ថភាពបដិសណ្ឋារកិច្ច សេវាកម្មម្ហូបអាហារ ភេសជ្ជៈ ជូនដល់សិក្ខាកាម ដែលនឹងក្លាយជាគ្រូបង្គោលទាំងចំណេះដឹង និងចំណេះធ្វើបន្ថែម សម្រាប់ទៅធ្វើការបណ្ដុះបណ្ដាលបន្ត ដល់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍របស់ខ្លួនជាបន្តទៀត ធ្វើយ៉ាងណា ឲ្យមានសេវាកម្មបដិសណ្ឋារកិច្ច និងម្ហូបអាហារ ភេសជ្ជៈល្អ នៅទីកន្លែងឆ្លើយតបនឹងកំណើនភ្ញៀវទេសចរ ដែលកើនឡើងឥតឈប់ឈរ និងចូលរួមអបអរសាទរចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ»

ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះផងដែរ ក៏ដើម្បីឲ្យសិក្ខាកាមក្លាយជាគ្រូបង្គោល ប្រកបដោយជំនាញច្បាស់លាស់ សម្រាប់យកទៅបណ្តុះបណ្តាលបន្ត ក្នុងមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍របស់ខ្លួន។

វគ្គបណ្ដុះបណ្ដាលទាំងពីរនេះ មានសិក្ខាកាមចូលរួមចំនួន១៧៦នាក់ មកពីបណ្តាមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ក្នុងរាជធានីភ្នំពេញ។ ក្នុងឱកាសនោះដែរ លោករដ្ឋលេខាធិការ ប៉ាក់ សុខុម ក៏បានប្រគល់វិញ្ញាបនបត្រ ជូនដល់គ្រូបង្គោលទាំងនោះផងដែរ៕