Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកអគ្គរាជជប៉ុន ស្នើឲ្យ ចាន់ វឌ្ឍនាកា ខិតខំប្រឹងលេង និងបញ្ចេញបច្ចេកទេសដែលខ្លួនមាន ដើម្បីឲ្យប្រជាជនជប៉ុនបានស្គាល់

09-02-2017 13:42

(ភ្នំពេញ)៖ លោក Hidehisa HORINOUCHI ឯកអគ្គរាជជប៉ុន ប្រចាំនៅកម្ពុជា បានធ្វើការស្នើសុំឲ្យកីឡាករល្បីលំដាប់កំពូល របស់ព្រះរាជាណាចក្រកម្ពុជា ចាន់ វឌ្ឍនាកា ខិតខំប្រឹងប្រែងលេងឲ្យពីសមត្ថភាព ក៏ដូចជាបច្ចេកទេស ដែលខ្លួនធ្លាប់បានប្រើដើម្បីរកគ្រាប់​ នាពេលកន្លងមកឲ្យប្រជាជនជប៉ុនបានដឹង នៅក្នុងឱកាសកីឡាកររបស់ក្លឹបបឹងកេត អង្គររូបនេះ ទៅចូលរួមលេងក្នុងក្លឹប Fujieda MYFC សមាជិកលីគលំដាប់ទី៣ របស់ជប៉ុន។

ការស្នើសុំបែបនេះ ត្រូវបានធ្វើឡើងគ្រាដែលឯកអគ្គរាជទូតខាងលើនេះ បានអនុញ្ញាតឲ្យកីឡាករជំនាញជើងឆ្វេងចូល ជួបសំដែងការគួរសមនាព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ នៅការិយាល័យទូតជប៉ុនតែម្តង មុនពេល ចាន់ វឌ្ឍនាកា ឡើងយន្តទៅជប៉ុននៅថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈចុងសប្តាហ៍នេះ។

លើសពីនេះទៀត ឯកអគ្គរាជទូតខាងលើនេះក៏បានសង្កត់ធ្ងន់ថា ការខំប្រឹងលេងឲ្យអស់ពីសមត្ថភាពក៏ដើម្បីបង្ហាញពី មោទនភាពរបស់កម្ពុជាផងដែរ នៅលើទឹកដីនៃប្រទេសដែលរីកចំរើនខាងវិស័យបាល់ទាត់ ប្រចាំទ្វីបអាស៊ីមួយនេះ ក្នុងនាមជាកីឡាករកម្ពុជាដំបូងដែលបានទៅលេងនៅទឹកដី នៃប្រទេសជប៉ុន។ លោកថា ចាន់ វឌ្ឍនាកា ត្រូវមានទំនាក់ ទំនងល្អជាមួយនឹងកីឡាករបរទេសដទៃទៀត និងសហការគ្នាដើម្បីទទួលជ័យជំនះ នៅក្នុងការប្រកួតនីមួយៗផងដែរ។

ឯកអគ្គរាជទូត HORINOUCHI បានបញ្ជាក់ថា «វត្តមានរបស់ ចាន់ វឌ្ឍនាកា នៅទឹកដីជប៉ុនក្នុងរយៈពេល ១ឆ្នាំពេញ នេះ ក៏បានធ្វើឲ្យប្រជាជនយល់ដឹងពីភាពរីកចម្រើននៃវិស័យកីឡាបាល់ទាត់កម្ពុជា និងរឹតចំណងការទូតរវាងប្រទេស កម្ពុជា និងជប៉ុងផងដែរ»

ទន្ទឹមគ្នានោះ កីឡាករដែលជំនាញស៊ុតជើងឆ្វេង ចាន់ វឌ្ឍនាកា ក៏បានធ្វើការសន្យាក្នុងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីសម្រេចបំណងពីការលេងក្នុងលីគលំដាប់ទី២ ឬលីគកំពូលជប៉ុននាថ្ងៃអនាគត ដោយបានលើកឡើងថា «ការទៅលេងនៅទឹកដីថ្មីនៃប្រទេសជប៉ុន គឺពិតជាផលលំបាកខ្លះៗសម្រាប់ខ្ញុំ តែយ៉ាងក៏ដោយ ខ្ញុំត្រូវតែខិតខំប្រឹងលេង ដើម្បីក្លឹប និងក្រុមជម្រើសជាតិផងដែរ»

សូមបញ្ជាក់ផងដែរ កាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ ចាន់ វឌ្ឍនាកា ត្រូវបានក្លឹប Fujieda MYFC ចុះកិច្ចសន្យារយៈពេល ១ឆ្នាំពីក្លឹបបឹងកេតអង្គររបស់កម្ពុជា ក្នុងលក្ខខណ្ឌខ្ចីជើង ក្រោមតម្លៃខ្លួបបិទជាតិ តែយ៉ាងណាមិញបើតាមប្រភពជិតស្និទ្ធរបស់ វឌ្ឍនាកា បានទម្លាយថា បានប្រហែលខ្ទង់ ១ម៉ឺនដុល្លារក្នុង ១ខែ ព្រមទាំងរថយន្តសម្រាប់ប្រើប្រាស់ក្នុងប្រទេសជប៉ុន រួមទាំងខុនដូ ក៏ដូចជាអ្នកបកប្រែផ្ទាល់ខ្លួនផងដែរ៕