Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្នាំញៀនជិតកន្លះគីឡូ រួមជាមួយស្ដ្រី​មេក្លោង២នាក់ ត្រូវ​អាវុធហត្ថ​ខេត្តបាត់​ដំបង បង្ក្រាបបាន​

04-02-2017 13:28

(បាត់ដំបង)៖ កម្លាំងការិយាល័យជំនាញអាវុធហត្ថខេត្តបាត់ដំបង បានចុះបង្រ្កាប និងចាប់ខ្លួនស្រ្តី២នាក់ ពាក់ព័ន្ធជួញដូរគ្រឿងញៀន ដកហូតបានម៉ាទឹកកក​ជិតកន្លះ​គីឡូក្រាម នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៤ ខែ​កុម្ភៈ ឆ្នាំ​២០១៧នេះ ស្ថិតក្នុងភូមិ​ជ្រៃកោង សង្កាត់​ស្លាកែត ក្រុង​បាត់ដំបង។

​តាមរបាយការណ៍ របស់ការិយាល័យប្រឆាំងគ្រឿងញៀនអាវុធហត្ថខេត្ត បានឲ្យដឹងថា ​ជនសង្ស័យមេក្លោងចែកចាយគ្រឿងញៀននេះ ទី១៖ឈ្មោះ វ៉ា ស៊ីថារ៉េន ហៅ​អ៊ូក អាយុ​៣៧​ឆ្នាំ និងទី២៖ឈ្មោះ វោ វុទ្ឋី ហៅ វី អាយុ​២៨​ឆ្នាំ ក្នុងនោះជំនាញដកហូតបាន គ្រឿងញៀនម៉ាទឹកកក១​កញ្ចប់ និងម៉ូតូ​១​គ្រឿង។

អាវុធហត្ថបញ្ជាក់ថា ដោយបានការអនុញ្ញាតពី លោក ហេង លុយ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបាត់ដំបង កម្លាំងជំនាញបានឈានទៅឆែកឆេរ លំនៅដ្ឋានរបស់​ឈ្មោះ វ៉ា ស៊ីថារ៉េន ស្ថិតក្នុងភូមិ​ជ្រៃកោង សង្កាត់​ស្លាកែត ក្រុង​បាត់ដំបង រកឃើញគ្រឿងញៀនម៉ាទឹកកក​១៣​កញ្ចប់ ទម្ងន់ជិតកន្លះគីឡូក្រាម, ជញ្ជីងថ្លឹងគ្រឿងញៀន​២​គ្រឿង, ទូរស័ព្ទដៃ​៦​គ្រឿង​ និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត​។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងឃាត់ខ្លួននៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការខេត្ត ចាត់ការបន្តតាមច្បាប់៕