Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រតិបត្តិការដោះគ្រាប់បែក ទម្លាក់ពីយន្តហោះអាមេរិកលើទឹកដីកម្ពុជា ក្នុងក្រុងព្រៃវែង ថ្ងៃនេះ CMAC មិនទាន់ជីករកឃើញគ្រាប់នៅឡើយទេ, ត្រូវបន្តទៅថ្ងៃស្អែកទៀត

02-02-2017 17:44

(ព្រៃវែង)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានថ្លែងប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃទី០២ ខែកុម្ភៈនេះថា ប្រតិបត្តិការដោះគ្រាប់បែកទម្លាក់ពីលើយន្តហោះ ដែលបន្សល់ទុក ដោយអាមេរិកទម្លាក់មកលើទឹកដីកម្ពុជា ក្នុងខេត្តព្រៃវែង ដែលបើកប្រតិបត្តិការដោះចេញ នៅថ្ងៃទី២ ខែកុម្ភៈនេះ កម្លាំង CMAC មិនទាន់ជីករកឃើញគ្រាប់នៅឡើយទេ ខណៈប្រតិបត្តិការជីករង នឹងបន្តទៀតនៅថ្ងៃទី០៣ ខែកុម្ភៈស្អែកនេះ។

លោកអគ្គនាយកបានបញ្ជាក់ថា CMAC ចង់ឲ្យប្រតិបត្តិការដោះគ្រាប់បែកនេះ ធ្វើឲ្យបានរួចរាល់ឲ្យបានឆាប់បំផុត ដើម្បីកុំឲ្យប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ។ ជាទូទៅប្រតិបត្តិការ អាចចំណាយពេលពី១ថ្ងៃទៅ២ថ្ងៃ តែប្រសិនបើវាស្មុគស្មាញ អាចត្រូវចំណាយពេល៥-៦ថ្ងៃ។

សូមជម្រាបថា អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ចាប់ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ប្រមាណ២លាន៨សែនតោន ដែលរួមមានគ្រាប់បែកគីមីផងដែរ ដោយបានសម្លាប់ជាង៥០០,០០០នាក់់ និងកំទេសផ្ទះសំបែងខែ្មររាប់ម៉ឺន​ខ្នងផងដែរ៕