Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អតីតនាយនគរបាលប៉ុស្តិ៍ម្នាក់ នៅស្រុកកំពង់ត្រាច និងបក្ខពួក៥នាក់ទៀត ត្រូវសមត្ថកិច្ចបង្ក្រាបរឿងប្រើប្រាស់គ្រឿងញៀន

21-01-2017 17:53

(កំពត)៖ កម្លាំងនគរបាលអន្តរាគមន៍ពិសេសខេត្តកំពត នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧នេះ បានចុះបង្រ្កាបករណីប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនបានជនសង្ស័យចំនួន ៦នាក់ ក្នុងនោះម្នាក់ជាអតីតមេប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ម្នាក់ផងដែរ។ ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលើនេះ បានធ្វើឡើងនៅចំណុចភូមិលក ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនខេត្តកំពត បានឲ្យដឹងថា ជនសង្ស័ងទាំង ៦នាក់ រួមមាន៖ ១.ឈ្មោះ សាន ឌាត អាយុ១៩ឆ្នាំ ២.ឈ្មោះ តាន់ លាង អាយុ២៩ឆ្នាំ ៣.ឈ្មោះ សាន់ ឌី​​ អាយុ៣២ឆ្នាំ ៤.ឈ្មោះ ឡាន វណ្ណារិទ្ធ អាយុ២២ឆ្នាំ ៥.ឈ្មោះ ឡឹក សុជាតិ អាយុ៣៦ឆ្នាំ និង៦.ឈ្មោះ សាន ដុំ អាយុ៣៣ឆ្នាំ ជាអតីតនាយប៉ុស្តិ៍នគរបាលរដ្ផបាលឃុំឫស្សីស្រុកខាងលិច។

បើតាមមន្រ្តីនគរបាល អតីតនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរស្សីស្រុកខាងលិច ត្រូវបានលប់ឈ្មោះចេញពីក្របខណ្ឌនគរបាលជាតិ ដោយសារបោះបង់ការងារដោយគ្មានមូលហេតុ ហើយពេលនេះពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនទៀត។ ជនសង្ស័យទាំង ៦នាក់នេះ មានទីលំនៅភូមិ-ឃុំ កន្លែងឃាត់ខ្លួនខាងលើ។ ជាមួយគ្នានេះ កម្លាំងនគរបាលបានដកហូតវត្ថុតាងបានថ្នាំញៀន ១កញ្ចប់ផងដែរ។

ក្រោយឃាត់ខ្លួនភ្លាម ជនសង្ស័យទាំងអស់ត្រូវបាននាំមកសាកសួរ នៅការិយាល័យនគរបាលជំនាញខេត្ត ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់។ សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុននេះ មន្រ្តីនគរបាលខេត្តកំពតម្នាក់ក៏ត្រូវចាប់ខ្លួន និងបណ្តេញចេញពីក្របខ័ណ្ឌ នគរបាលជាតិ​ផងដែរ បន្ទាប់ពីរកឃើញមានសារធាតុញៀនក្នុងខ្លួន៕