អាសូរណាស់! យុវតីម្នាក់ រស់នៅក្នុងស្ថានភាពពិការ២១ឆ្នាំ តាំងពីកំណើត គ្រួសារជួបការលំបាក កំពុងរកជំនួយសប្បុរសជន
17-01-2017 21:25
(ភ្នំពេញ)៖ យុវតីម្នាក់គួរឲ្យអាណិតណាស់ ពិការភាពតាំងពីកំណើត រស់ក្នុងគ្រួសារដែលមានជីភាពខ្វះខាត ដោយឪពុករត់ម៉ូតូឌុប ដើម្បីចិញ្ចឹមគ្រួសារ ដែលមានសមាជិក៥នាក់ ខណៈដែលម្ដាយមិនអាចប្រកបរបរអ្វីបានព្រោះនៅមើលថែកូនស្រីពិការរយៈពេល២១ឆ្នាំហើយ ពេលកំពុងដង្ហើយរកសប្បុរជន។
គ្រួសារអភ័ព្វមួយនេះ មានទីលំនៅ ផ្ទះលេខ៥៤ ក្រុមទី២ ផ្លូវលំ ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ក្មេងស្រីដែលគួរឲ្យអាណិតឈ្មោះ ហ៊ុល ស្រីណែត អាយុ២១ឆ្នាំ ជាកូនច្បងក្នុងចំណោមកូន៣នាក់ ស្រីទាំង៣ មានម្តាយឈ្មោះ ហ៊ុ ស្រីលុយ អាយុ៤០ឆ្នាំ ដោយមើលថែនាងពិការតាំងពីចាប់កំណើត មកទល់ពេលនេះរយៈពេល២១ឆ្នាំហើយ ដែលមានឪពុកឈ្មោះ ហ៊ុល សារិន អាយុ៤២ឆ្នាំ មុខរបររត់ម៉ូតូឌុប ដើម្បីផ្គត់ផ្គង់ជីវភាព។
ម្តាយក្មេងស្រី បានរៀបរាប់ទាំងទឹកភ្នែកថា គាត់បានរៀបការជាមួយស្វាមីរបស់គាត់អស់រយៈពេលជាង២០ហើយ រហូតមកដល់សព្វថ្ងៃ គាត់មានកូនស្រី៣នាក់ ហើយកូនដែលអភ័ព្វជាង គឺកូនច្បងឈ្មោះ ហ៊ុល ស្រីណែត ពិការតាំងពីកើតមកម្ល៉េះ និងប្អូនស្រី២នាក់ទៀត នៅរៀន ហើយគាត់បានចំណាយពេល២១ឆ្នាំហើយ ដើម្បីមើលថែកូនស្រីច្បង មិនបានជួយរកស៊ីអ្វីនោះទេ ដោយប្តីរបស់គាត់រត់ម៉ូតូឌុបចិញ្ចឹមគ្រួសារ តែម្នាក់ឯង។
សពថ្ងៃនេះ គ្រួសាររបស់យុវតីអភ័ព្វ កំពុងមានជីវភាពខ្វះខាត ដោយរកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក ទើបពេលនេះក្រុមគ្រួសារដាច់ចិត្ត លើកដៃអង្វរសុំជំនួយពីសប្បុរជន ដើម្បីបានថវិកាសម្រាប់ផ្គត់ផ្គង់ ក្នុងជីវភាពគ្រួសារ៕