នគរបាលខេត្តកែប ចាប់ជនចែកចាយគ្រឿងញៀនម្នាក់ ដកហូតបានថ្នាំ២៨កញ្ចប់ នៅក្រុងកែប
11-01-2017 09:28
(កែប)៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ អ៊ីង សំអុល ស្នងការនគរបាលខេត្តកែប និងសម្របសម្រួលនីតិវិធី ពីលោក ខាន់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ងួន សាម៉េត ស្នងការរង ជាប្រធានកណ្តាលនគរបាលប្រឆាំងបទល្មើស បានចុះបង្រ្កាបករណី
ជួញដូរ និងប្រើប្រាស់ថ្នាំញៀនខុស មួយកន្លែងនៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ដោយឃាត់ខ្លួនជនសង្ស័យបានមា្នក់។
មន្ដ្រីនគរបាលដែលចូលរួមប្រតិបត្តិការនេះ បានបញ្ជាក់ថា ការឃាត់ខ្លួននេះធ្វើឡើងនៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ដែលជនសង្ស័យ ឈ្មោះ គង់ ប៊ុនថន អាយុ៣២ឆ្នាំ។ ក្នុងនោះកម្លាំងនគរបាលជំនាញ ដកហូតថ្នាំញៀនប្រភេទម៉ាទឹកកក ២៨កញ្ចប់ កាំភ្លើងច្នៃមួយដើម ទូរស័ព្ទដៃ៦គ្រឿង និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។
ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅស្នងការដ្ឋានគរបាលខេត្ត ដើម្បីសួរនាំនិងចាត់ការបន្ដ៕