Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលរងខេត្តបន្ទាយមានជ័យ ចុះពិនិត្យ​ការដ្ឋានជួសជុល​ផ្លូវ១ខ្សែ ប្រវែង​ជាង៣០០ម៉ែត្រ, ពលរដ្ឋ​សាទរចំពោះ​ការយកចិត្តទុក​ដាក់របស់ CPP

10-01-2017 16:41

(បន្ទាយមានជ័យ)៖ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលការដ្ឋាន​ជួសជុល​ផ្លូវ១ខ្សែ ប្រវែងជាង៣០០ម៉ែត្រ ដែលរងការខូចខាតជាយូរឆ្នាំ ស្ថិតនៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

លោក លី សារី បានប្រាប់ឲ្យដឹងថា នេះជាការយកចិត្តទុកដាក់ពី លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចំពោះទុក្ខលំបាក​របសប្រជាពលរដ្ឋ មិនថាយប់ ឬក៏ថ្ងៃឡើយ ជាពិសេសបញ្ហាផ្លូវថ្នល់នេះ តែងម្តង។

លោកអភិបាលរងខេត្តបានបន្តថា ការជួសជុលផ្លូវប្រវែង ជាង៣០០ម៉ែត្រនេះ ដំបូងជួសជុលដោយក្រាលគ្រួសក្រហម ដើម្បីបញ្ជៀសការលំបាករបស់ប្រជាពលរដ្ឋ ធ្វើចរាចរងាយស្រួល ជាពិសេសកុមារ និងសិស្សានុសិស្សនានា។

សូមបញ្ជាក់ថា ផ្លូវគ្រួសក្រហមប្រវែង ជាង៣០០ម៉ែត្រនេះ គឺមានការផ្តួចផ្តើមជួសជុលពីសប្បុរសជនក្នុងមូលដ្ឋាន និងការរួមចំណែកជាសម្ភារៈ និងគ្រឿងចក្រជួសជុល​របស់ លោក ហួត គង់ ហើយប្រជាពលរដ្ឋក៏បានថ្លែងអំណរគុណ ចំពោះដល់ក្រុមការងារគណបក្សប្រជាជន ខេត្តបន្ទាយមានជ័យ ដែលតែងតែយកចិត្តទុកដាក់​ដល់ពួក​គាត់ជានិច្ច៕