Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តំណាងរាស្រ្ត CNRP ៣រូប ចុះសួរសុខទុក្ខមន្រ្តី អាដហុក២នាក់ ដែលជាប់ឃុំនៅពន្ធនាគារព្រៃស ខណៈជំនួបចរចាដើម្បី ដោះលែងគ្មានពន្លឺ

03-01-2017 16:10

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦នេះ តំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ៣រូប បានចុះសួរសុខទុក្ខ លោក យី សុខសាន្ត និង លោក នី សុខា មន្រ្តីអង្គការអាដហុក ដែលកំពុងជាប់ពន្ធនាគារព្រៃស។ តំណាងរាស្រ្ត៣រូបនោះ រួមមាន លោក យឹម សុវណ្ណ លោក ហូរ វ៉ាន់ និងលោក អេង ឆៃអ៊ាង។ នេះបើតាមការបង្ហោះនៅលើទំព័រ Facebook លោក អេង ឆៃអ៊ាង។

លោក យី សុខសាន្ត និង លោក នី សុខា រួមទាំងមន្រ្តីអាដហុក២រូបផ្សេងទៀត គឺ លោកស្រី លឹម មុនី និង លោក វង់ ណៃដា ត្រូវបានតុលាការសម្រេចឃុំខ្លួន នៅក្នុងពន្ធនាគារព្រៃស ពាក់ព័ន្ធនឹងករណីសូកប៉ាន់សាក្សី នៅក្នុងសំណុំរឿង សញ្ចារកម្មរបស់កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ។ ក្រៅពីនោះក៏មាន លោក នី ចរិយា អគ្គលេខាធិការរងគ.ជ.ប ដែលត្រូវបានឃុំខ្លួននៅពន្ធនាគារ PJ និង លោក ស៊ាង ចែត មេឃុំគណបក្ស សម រង្ស៊ី ផងដែរ។

ប៉ុន្តែក្រោមការចរចារវាងថ្នាក់ដឹកនាំគណបក្សទាំងពីរ លោកមេឃុំ ស៊ាង ចែត ដែលតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ៥ឆ្នាំ ត្រូវបានទទួលការលើកលែងទោសពី ព្រះមហាក្សត្រតាមសំណើ របស់នាយករដ្ឋមន្រ្តី បន្ទាប់ពីមានការលើកលែងទោសដល់ លោក កឹម សុខា មួយថ្ងៃ។

ទោះជាយ៉ាង នៅក្នុងជំនួបរបស់គណបក្សទាំងពីរនៅរដ្ឋសភា កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ តំណាងគណបក្សទាំងពីរ ក៏មានគម្រោងជជែកដើម្បីឱ្យមាន ការដោះលែងមន្រ្តីអាហុក និង គ.ជ.ប ទាំងនោះដែរ ប៉ុន្តែរហូតដល់ពេលនេះដំណឹងនេះ ត្រូវបានស្ងាត់រហូតមក ហើយបក្សទាំងពីរមិនទាន់មាន ផែនការណាមួយដើម្បី ជួបគ្នាជជែករឿងនេះនៅឡើយទេ ដោយលោក កឹម សុខា នៅស្ងៀមលើបញ្ហានេះដោយទុកឲ្យកូនចៅ និងមន្រ្តីសង្គមស៊ីវិលអាដហុក បន្តជាប់គុកដោយសារ រឿងរបស់ខ្លួន។ អ្នកវិភាគនយោបាយជើងចាស់​ធ្លាប់បានទម្លាយថា ទំនងលោក កឹម សុខា មានការសន្យាអ្វីមួយ យ៉ាងសំខាន់ជាមួយនាយករដ្ឋមន្រ្តី ហើយលោក កឹម សុខា មិនទាន់បានធ្វើតាមការសន្យា ដូច្នេះទើបលោកមិនហ៊ានចេញមុខ ស្នើសុំនាយករដ្ឋមន្រ្តីម្តងទៀត៕