ប្រធានក្រុមការងារ CPP ស្រុកភ្នំស្រុក ចូលរួមសន្និបាទបូកសរុបការងារឃុំ និងបទពិសោធន៍ការងារនយោបាយរយៈពេល៥ឆ្នាំ
31-12-2016 16:09
(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦នេះ លោក គោស៊ុំ សារឿត ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកភ្នំស្រុក ចូលរួមក្នុងសន្និបាតបូកសរុបការងារឃុំ ដើម្បីធ្វើការត្រួតពិនិត្យ និងដកស្រងពិសោធន៍ការងារនយោបាយអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ ពិនិត្យមើល និងបង្ហាញលទ្ធផលការងារសម្រេចបាន និងលើកយកនូវបញ្ហាប្រឈមនានាដែលនៅសេសសល់ ដើម្បីធ្វើការដាក់ក្នុងផែនការអភិវឌ្ឍន៍ និងដោះស្រាយបន្តទៀត។
លោក គោស៊ុំ សារឿត ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកភ្នំស្រុក បានថ្លែងថា អាជ្ញាធរមូលដ្ឋាន ពិសេសបេក្ខភាពក្រុមប្រឹក្សាឃុំទាំងអស់ ត្រូវបន្តចុះជួបជាមួយប្រជាពលរដ្ឋ ដើម្បីពិនិត្យ និងដោះស្រាយ បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ រួមមានបញ្ហាខ្វះទឹក ខ្វះផ្លូវ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត បញ្ហាគ្រឿងញៀន ល្បែងស៊ីសង និងសន្តិសុខ សុវត្តិភាពស្ថេរភាពរបស់ពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីធានានូវប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ និងសេវាតម្រូវការរបស់ពលរដ្ឋ។
លោកបន្តថា នាបច្ចុប្បន្ននេះ ប្រទេសជាតិកម្ពុជាទទួលបាននូវ សុខ សន្តិភាព និងស្ថេរភាពនយោបាយ មានថ្នាក់ដឹកនាំដ៏ល្អ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រទេសកម្ពុជាបាន បញ្ចប់សង្រ្គាមរវាងខ្មែរ និងខ្មែរ ទាំងអស់នេះកើតចេញពីគោលនយោបាយឈ្នះឈ្នះ ដូច្នេះទាំងអស់គ្នាត្រូវតែចូលរួមចំណែកក្នុងការថែរក្សាការពារនូវ សុខសន្តិភាព និងស្ថេរភាពមួយនេះ៕