Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រយៈពេលត្រឹម ៥ខែ ការលក់ផ្លាកលេខ​ពិសេស​តាមវីង បាន​ជាង ២ពាន់លេខ រក​ចំណូល​បានជិត​ ៤ពាន់​លានរៀល​

29-12-2016 16:32

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ស៊ុ នចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា រយៈពេល ៥ខែឆ្នាំ២០១៦ គិតចាប់ថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ ការលក់ផ្លាកលេខ​ពិសេសតាមប្រព័ន្ធ​ធនាគារឯកទេសវីង បានចំនួន ២,៨៧២លេខ និងរកបានប្រាក់​ចំណូលជិត ៤ពាន់លានរៀល (៣,៩៦១,៧២០,០០០រៀល) ។

លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្រី្ដក្រសួងសាធារណការ និង ដឹកជញ្ជូន បានថ្លែង​ដូច្នេះនៅក្នុងពិធី​បិទសន្និបាត​បូកសរុបលទ្ធផល​ការងារ​ឆ្នាំ​២០១៦ និងលើក​ទិសដៅ​​សម្រាប់ឆ្នាំ២០១៧ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃ​ទី២៩ ខែធ្នូ ឆ្នាំ២០១៦នេះ។ ពិធីនេះធ្វើឡើង​ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់ផងដែរថា ក្រសួងនឹងសិក្សាពិនិត្យលទ្ធភាពសហការជាមួយធនាគារដទៃទៀត ក្នុងការលក់ផ្លាកលេខពិសេសនេះ។

បើតាមលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក្រសួងក៏កំពុងរៀបចំអនុក្រឹត្យស្តីពីការចេញផ្លាកលេខសម្គាល់យានជំនិះ ដែលក្នុងនោះ​នឹងអនុញ្ញាតឲ្យ​មានការបង្កើត​លេខចុះបញ្ជីពិសេស​ផ្ទាល់ខ្លួនសម្រាប់ក្រុមគ្រួសារផងដែរ៕